មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ប្រកាសផ្អាកការចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវក្នុងភូមិសាស្រ្តខេត្តកំពង់ធំ !
ខេត្តកំពង់ធំ៖ ការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវក្នុងភូមិសាស្រ្តខេត្តកំពង់ធំ គឺ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានអនុវត្តតាមការណែនាំរបស់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ ។ រីឯការសម្រេចផ្អាកការចរណ៍នេះ ដោយសារស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ធំ នេះបើតាមការបញ្ជាក់របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នេះ ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋ ដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ឲ្យផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន នាពេលនេះ ដោយស្ថានភាពជំនន់ទឹកភ្លៀងបាន និងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្តាលឲ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្ត ដែលស្ថានភាពបែបនេះ ធ្វើឲ្យផ្លូវ ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តធុនធ្ងន់បានទេ ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានបញ្ជាក់ថា ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតរចនាសម្ព័ន្ធផ្លូវ ថ្នល់ និងស្ពាន មន្ទីរសាធារណរការខេត្ត សូមធ្វើការបិទចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវចំនួន ៣ខ្សែ ក្នុងភូមិសាស្ត្រខេត្ត គឺ ផ្លូវជាតិលេខ៦ ចាប់ពីគីឡូម៉ែត្រលេខ២២០ ដល់គីឡូម៉ែត្រលេខ២២៤ ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ,ផ្លូវខេត្តលេខ២៦៤D ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង និងផ្លូវខេត្តលេខ២៦៤G ស្ថិតនៅក្នុងភូមិតាទ្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ មានក្តីសង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងប្រជាពលរដ្ឋ ដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ នឹងចូលរួមសហការអនុវត្ត ដើម្បីរួមចំណែកថែរក្សាផ្លូវ ស្ពាន ឲ្យប្រើប្រាស់បានយូរអង្វែង ៕ ដោយ៖ឡុង សំបូរ


