តួកគីថា លោក ពូទីន កំពុងពិចារណាបន្តកិច្ចចរចាជាមួយអ៊ុយក្រែន
អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក ម៉េវលុត ខាវូសូគ្លូ នៅ ថ្ងៃចន្ទ ទី២៦ ខែកញ្ញានេះថ្លែងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងពិចារណាបន្តកិច្ចចរចាជាមួយអ៊ុយក្រែន។
ប្រមុខការទូតកំពូលរបស់តួកគីរូបនេះ បានធ្វើការកត់សម្គាល់ យ៉ាង ដូច្នេះ ក្នុងអំឡុងសន្និសីទកាសែតមួយនៅទីក្រុងតូក្យូ ជាទីដែល លោកកំពុងចូលរួមក្នុងពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ ដែលត្រូវបានធ្វើឃាតកាលពីខែកក្កដា កន្លងទៅ។
លោក ខាវូសូគ្លូ បន្តថា លោក ពូទីន បានបង្ហើបគំនិតនេះ ក្នុងអំឡុង ការសន្ទនាជាមួយប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ ក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង សាម៉ាកាន់ ប្រទេសអ៊ូសបេគីស្ថាន កាលពីពេលថ្មីៗនេះ។
បើតាមលោក ខាវូសូគ្លូ ក្នុងអំឡុងការសន្ទនាជាមួយប្រធានាធិបតី តួកគី លោក ពូទីន បានប្រកាសពីលទ្ធភាពវិលត្រលប់ទៅចរចាជា មួយអ៊ុយក្រែនវិញ ប៉ុន្តែស្ថិតនៅលើលក្ខខណ្ឌថ្មី។ តែគាត់មិនបាន រៀបរាប់លម្អិតអំពី “លក្ខខណ្ឌ” ដែលបានបញ្ជាក់នោះទេ។
ទន្ទឹមគ្នា ប្រមុខការទូតតួកគីរូបនេះក៏បានរំលឹកឡើងវិញនូវ បំណង ប្រាថ្នារបស់ទីក្រុងអង់ការ៉ា ក្នុងការធ្វើកិច្ចចរចាដោយផ្ទាល់ ជាមួយលោក ពូទីន និងលោក ហ្សេលេនស្គី។ លោក ខាវូសូគ្លូ បាននិយាយយ៉ាងដូច្នេះថា ប្រធានាធិបតីរបស់យើងនឹងបន្ត ទំនាក់ ទំនងរបស់គាត់ជាមួយលោក ពូទីន និងលោក ហ្សេលេនស្គី។ គោលបំណងរបស់យើង គឺនាំយកមេដឹកនាំទាំងពីរមកជួបគ្នា ដើម្បីធានាថា ការសម្រេចចិត្តត្រូវបានធ្វើឡើងនៅកម្រិតនៃ មេដឹកនាំ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

