គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៥ បណ្តាលឲ្យបុរសម្នាក់ស្លាប់
កំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើករថយន្តទៅបុកនឹងរថយន្តចតស្ងៀម កាលពីម៉ោង៥និង២៥នាទីទៀបភ្លឺថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ មុខហ្គារ៉ាស់សាំងតេលា ស្ថិតក្នុងភូមិអូរតានេះ ឃុំរលារប្អៀរ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿងម៉ាក FOSO ពណ៌ស ពាក់ស្លាកលេខតាកែវ 3A. 1400 បើកបរពីទិសខាងជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីណូពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A .2767 ដែលខូចចតលើផ្លូវជាតិពីក្រោយ ក្នុងដំណើរស្របទិសគ្នាបណ្តាលឲ្យស្លាប់មនុស្សម្នាក់ ដែលជាតៃកុងរថយន្ត FOSO នៅនឹងកន្លែងកើតហេតុតែម្តង។
ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍នេះឈ្មោះ សាង ពៅ អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិជុំហ្នឹង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានមិត្តភ័ក្កិដែលរួមដំណើរជាមួយជួលរថយន្តដឹកយកទៅស្រុកកំណើតឯខេត្តបាត់ដំបងភ្លាមៗផងដែរ។
ដោយឡែកម្ចាស់រថយន្តដែលខូច ហើយឈប់ចតនៅលើផ្លូវខាងលើនេះ បានឲ្យដឹងដែរថា រថយន្តរបស់គាត់មានការរអាក់រអួលក្នុងការធ្វើដំណើរ គាត់ក៏បានឈប់រថយន្តចតនៅទល់មុខហ្គារ៉ាសសាំងតេលានេះ មួយភ្លែត ដើម្បីជួសជុល ព្រោះដោយសារតែទីនេះ គឺជាកន្លែងមានភ្លើងរបស់ហ្គារាស់សាំងបំភ្លឺ វាងាយស្រួលដល់អ្នកធ្វើដំណើរមើលឃើញ ជៀសវាងការគ្រោះថ្នាក់ដោយយថាហេតុ។
គាត់ទើបតែចតបានតែ១០ ទៅ១៥ នាទីតែប៉ុណ្ណោះ ក៏ត្រូវរថយន្តខាងលើបើកមកបុករថយន្តរបស់គាត់ពីក្រោយពេញទំហឹង បណ្ដាលឲ្យគ្រោះថ្នាក់ធ្ងន់បែបនេះតែម្ដង។ គួរបញ្ជាក់ថា រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលារប្អៀរ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕ធ.ដ
ដោយៈ សុខ គឹមសៀន