នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បានរៀបចំពិធីសច្ចាប្រណិធាន បំពាក់កន្សែងជូនដល់នវកាយរិទ្ធិជំនាន់ទី៦ និងពិធីផ្សព្វផ្សាយ ” ទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ឆ្នាំ២០២២ ” ក្រោមប្រធានបទ ” បញ្ឈប់អំពើហឹង្សា កសាងសន្តិភាព “

ខេត្តកែប ៖ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជាខេត្តកែប។

នៅរសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ មានរបាយការណ៍ស្វាគមន៍ក្នុងពិធីនាពេលនោះ លោក ងួន ចាន់សុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លើកឡើងថា៖ចលនាកាយរឹទ្ធិជាតិកម្ពុជាខេត្តកែប បានបង្កើតឡើង និងប្រកាសទទួលស្គាល់នៅឆ្នាំ២០០១ បន្ទាប់ពីប្រកាសទទួលស្គាល់រួចមក កាយរឹទ្ធិកម្ពុជាខេត្ត បានរៀបចំធ្វើការបណ្តុះបណ្តាល និងបំពាក់កន្សែងជូនកាយរឹទ្ធិរៀមច្បង និងនវកាយរឹទ្ធិបានចំនួន ៥ជំនាន់រួចមកហើយ ដោយឡែកឆ្នាំ២០២២នេះ គណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិជាតិកម្ពុជាខេត្ត បានសហការជាមួយមេកងឯកភាពនៅតាមវិទ្យាល័យទាំង២ រៀបចំការបណ្តុះបណ្តាលកាយរឹទ្ធិទាំង ១០ប្រការ សច្ចាប្រណិធាន គោលបំណង បេសកកម្ម គោលការណ៍ និងវិធីកាយរឹទ្ធិ ជូនដល់នវកាយរឹទ្ធិជំនាន់ទី៦ សរុប ៩៦នាក់ ស្រី៤៩នាក់ ចែកជា ៣កងឯកភាព ស្មើនឹង ១១ល្បាត ។

មានមតិសំណេះសំណាលក្នុងពិធី បំពាក់កន្សែងជូនដល់នវកាយរិទ្ធិជំនាន់ទី៦ និងពិធីផ្សព្វផ្សាយ ” ទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ឆ្នាំ២០២២ ” ក្រោមប្រធានបទ ” បញ្ឈប់អំពើហឹង្សា កសាងសន្តិភាព ” នាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា៖ ដើម្បីរួមចំណែកកសាងកម្លាំងបន្តវេនដ៏មានសារៈសំខាន់នេះ កាយរឹទ្ធិជាតិកម្ពុជា នាពេលកន្លងមក បានរៀបចំគោលនយោបាយ ច្បាប់កាយរឹទ្ធិគោលការណ៍គ្រឹះកាយរឹទ្ធិកម្ម ការសច្ចាប្រណិធាន វិធីកាយរឹទ្ធិ និងកម្មវិធីបណ្តុះបណ្តាលដល់គ្រប់ស្រទាប់កុមារ យុវជន ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ពួកគេ តាមរយៈការអប់រំក្រៅប្រព័ន្ធ ដែលគាំទ្រដល់ការអប់រំក្នុងប្រព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងសំដៅធ្វើឲ្យកុមារ យុវជនទាំងអស់មានសក្តានុពលពេញលេញលើកាយសម្បទា ចរិយាសម្បទា និងបំណិនសម្បទា មានគំនិតច្នៃប្រឌិត មានសមត្ថភាពរស់នៅ និងធ្វើការងារប្រកបដោយឆន្ទៈពិតប្រាកដ ក្នុងការចូលរួមការពារបរិស្ថាន អភិវឌ្ឍសង្គមជាតិ និងសហគមន៍របស់ខ្លួន ជាពិសេសគឺប្រែក្លាយជាធនធានមនុស្សដ៏មានតម្លៃនៅក្នុងសង្គមយ៉ាងមានប្រសិទ្ធភាព។

ដើម្បីឱ្យការងារកាយរឹទ្ធិកម្ពុជាខេត្តប្រព្រឹត្តទៅដោយរលូន ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ដូចខាងក្រោម៖
១-គណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិខេត្ត ត្រូវយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការកាយរឹទ្ធិជាតិកម្ពុជាខេត្តកែប ក្រុង ស្រុកឡើងវិញ និងត្រូវរៀបចំផែនការបណ្តុះបណ្តាល និងបំពាក់កន្សែងជូនសមាជិកថ្មីដែលស្មគ្រចិត្តចូលក្នុងចលនាកាយរឹទ្ធិបន្ថែមទៀត។
២-មេកងឯកភាពនៅតាមវិទ្យាល័យទាំង២ និងតាមអនុវិទ្យាល័យ ត្រូវយកចិត្តទុកដាក់បំផុសដល់កុមារ និងយុវជនដែលមិនទាន់បានស្ម័គ្រចិត្តចូលរួមក្នុងចលនាយុវជននានា អោយស្ម័គ្រចិត្តចូលក្នុងចលនាកាយរឹទ្ធិកម្ពុជាអោយបានច្រើន។
៣-ចំពោះក្មួយៗទាំង ៩៦នាក់នេះ បានក្លាយជាសមាជិកកាយរឹទ្ធិកម្ពុជាពេញសិទ្ធិហើយ ហេតុនេះសូមប្អូនៗក្មួយៗទាំងអស់គ្នាខិតខំប្រតិបត្តិអោយបាននៅច្បាប់កាយរឹទ្ធិទាំង១០ប្រការ ។
៤-សូមអំពាវនាវដល់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ជួយគាំទ្រ ទាំងស្មារតី ថវិកា និងសម្ភារៈតាមលទ្ធភាព ជូនដល់ក្មួយៗជាយុវជនកាយរឹទ្ធិ និងចលនាយុវជនដ៏ទៃទៀត ដើម្បីឱ្យពួកគេបានធ្វើសកម្មភាពក្នុងចលនាយុវជនរៀងៗខ្លួន។

ឯកឧត្តមបណ្ឌិត បានរំលឹកដល់ក្មួយៗត្រូវគោរពនៅច្បាប់ចរាចរណ៍ ជៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តអនវត្តនៅវិធានការ ៣កុំ ៣ការពារអោយបានខ្ជប់ខ្ជួន ៕ Sila Sarin

ads banner