សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមពិធី ពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជូនប្រជាពលដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចូលរួមពិធី ពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជូនប្រជាពលដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំចំនួនបី នៅស្រុកកំចាយមារ ខេត្តព្រៃវែង។

សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីមកបំពេញភារកិច្ចមនុស្សធម៌ ក្នុងការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់បងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមនោះសម្ដេច ក៏បានថ្លែងអរគុណចំពោះក្រុមគ្រូពេទ្យទាំងអស់ដែលបានរៀបចំថ្នាំពេទ្យ ក៏ដូចជាឧបករណ៍សម្ភារបម្រើឲ្យការងារពិនិត្យ និងព្យាបាលនេះ ព្រមទាំងការចំណាយលើធនធានផ្សេងៗ ដើម្បីបម្រើឲ្យការពិនិត្យព្យាបាលនេះ។

សម្ដេចមានប្រសាសន៍ថា តំបន់នេះ ក្នុងអំឡុងទសវត្សរ៍ ៦០ ប្រជាពលរដ្ឋ ក៏ដូចជាសមិទ្ធផលនានាត្រូវបានបំផ្លាញដោយសារសង្គ្រាម នៅវៀតណាមខាងត្បូង ដោយសារការទម្លាក់គ្រាប់បែក និងគីមីពុល ។

សម្ដេចមានប្រសាសន៍បន្តថា នៅក្នុងទសវត្សរ៍ ៧០ យើងក៏ទទួលនូវការលំបាកវេទនាយ៉ាងធ្ងន់ធ្ងរ ដោយសារសង្គ្រាមបង្កឡើងដោយការធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០ផង ហើយបន្ទាប់ពីនោះមក គឺការគ្រប់គ្រងនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃផង ដែលសម្លាប់មនុស្សប្រមាណ ២ លាននាក់។
សម្ដេចបានបន្ថែមថា បច្ចុប្បន្នសម្ដេចកំពុងធ្វើសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅឫស្សីវេទ ហើយបង្កើតជាមជ្ឈមណ្ឌលអប់រំ ដែលមានតាំងពីមតេយ្យ រហូតដល់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ហើយនឹងរៀនមុខជំនាញវិជ្ជាជីវៈ ជួសជុលភ្លើង ម៉ូតូ ម៉ាស៊ីន ជាងសំណង់ ជាងឈើ រៀនធ្វើតុ កៅអីជាដើម ។ល។

សម្ដេចបានគូសបញ្ជាក់ថា យើងត្រូវអនុវត្តតាមគោលការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាលយើង របស់គណបក្សប្រជាជនយើង គឺត្រូវខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង នេះគឺជាគោលដៅរបស់យើង គឺជានយោបាយរបស់រាជរដ្ឋាភិបាលយើង ៕ ដោយ-រ៉ាវុធ
