ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មី ឬការផ្លាស់ប្តូរស្ថានភាពការងារទេ។ ពិសេស បុគ្គលិករដ្ឋឯកជន មិនទាន់អានទទួលផលពីការងារដែលដាក់ចេញតាមការរំពឹងនោះទេ។ អាស្រ័យហេតុនេះ សូមរៀបចំគម្រោងការងារលម្អិត និងពេញលេញជាថ្មី ដោយយោងទៅលើប្រភពពត៌មានជាក់លាក់។ ថ្ងៃនេះចូរប្រយ័ត្នជាពិសេសអំពីជម្លោះ ឬការយល់ច្រលំជាមួយថ្នាក់លើ។ អ្នកគួររកឳកាសបកស្រាយមន្ទិលឲ្យបានជ្រះស្រលះទើបជាការល្អប្រសើរ។ ក្រៅពីនេះ មិនគួរធ្វើដំណើរ ផ្លូវឆ្ងាយ ឬធ្វើដំណើរផ្សងព្រេងនោះទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីជួញដូរមានភាពជោគជ័យណាស់ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។ ប៉ុន្តែភាពចាំបាច់ដែលអ្នកត្រូវកែប្រែគឺការតុបតែងខ្លួនប្រាណជាថ្មី ពីព្រោះវាអាចជួយឲ្យអ្នកមានទំនុកចិត្ត និងមានភាពងាយស្រួលធ្វើការងារជាមួយមជ្ឈដ្ឋានខាងក្រៅ។ ក្នុងនោះដែរ ក៏សូមព្យាយាមស្វែងយល់ពីស្ថានភាពនៅជុំវិញខ្លួន ហើយព្យាយាមសម្របខ្លួនអោយបានល្អប្រសើរបំផុត។ ចូរ មានចិត្តអត់ធ្មត់ ហើយធ្វើយ៉ាងណាមិនគួរបញ្ចេញមតិច្រើនជាការល្អ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ ដោយរួមទាំងគូប្រជែងដ៏ពិបាករបស់អ្នកក្តី។ ចំពោះលាភសំណាងគឺមានសញ្ញាណវិជ្ជមាន ពិសេសនៅរវាងពេលល្ងាច ប៉ុន្តែលោកអ្នកមិនអាចឆេវឆាវបានទេ ពីព្រោះជម្លោះ និងការមិនយល់ចិត្តក្នុងរង្វង់ការងារអាចកើតឡើង ហើយប្រសិនបើរក្សាមិនល្អ គឺអាចប៉ះពាល់ដល់លទ្ធផលសម្រេចនៃការងារ។ លើសពីនេះ​ ប្រសិនបើអ្នកនឹងសម្រេច ចិត្តផ្លាស់ប្តូរការងារ គឺសូមប្រើប្រាស់ពត៌មានដែលអ្នកនឹងប្រមូលបានជាដាច់ខាត។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកកំពុងមានអ្នកបង្អាក់ ទាញមិនឲ្យសម្រេចចេញទាន់ពេលវេលានោះទេ ដូច្នេះដើម្បីបញ្ជៀសបញ្ហានេះសូមព្យាយធ្វើការតាមគម្រោង និងយល់ដឹងស្ថានការណ៍ជុំវិញខ្លួនឲ្យបានច្រើន។ ចំណែកអ្នករកស៊ីជូញដូរ ហាក់មិនសូវទទួលបានផលចំណេញតាមការរំពឹងទុក និងទុនដែលបានចំណាយនោះទេ។ ប៉ុន្តែក៏មិនចាំបាច់អាក់អន់ក្នុងចិត្តដែរ ព្យាយាមកែប្រែស្ថានការណ៍តាមរយៈទំនាក់ទំនង និងបទពិសោធន៍របស់អ្នក។ លើសពីនេះ ប្រសិនជាអាចសូមកុំចំណាយលុយកាក់ច្រើននៅ ពេលនេះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារ ណាស់ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីៗបានទៅតាមក្តីប្រាថ្នា និងការគ្រោងទុក។ សំណាងរបស់អ្នកថ្ងៃនេះអាចទាក់ទងនឹងលុយកាក់ ឬតួនាទីតំណែងការងារ ដូច្នេះសូមមានភាពរីករាយទទួលយកអំណរនាពេលនេះ។ ដោយឡែក សំដីរបស់អ្នកហាក់មានឥទ្ធិពលខ្លាំងណាស់ ដូច្នេះចូរព្យាយាមសម្រេចផលការងាររបស់អ្នក ប៉ុន្តែជៀសវាងការជឿជាក់ដោយងាយ។ ដោយឡែក ទំនាក់ទំនងផ្ទាល់ខ្លួនមានភាពល្អូកល្អឺនណាស់ លោកអ្នកក៏អាចនឹងទទួល បានដំណឹងរីករាយផងដែរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ រាល់កិច្ចការដែលអ្នកកំពុងអនុវត្តមានភាពចម្រើនលូតលាស់ណាស់។ ប៉ុន្តែសូមកុំពាក់ព័ទ្ធ ឬជ្រៀតជ្រែកការងារអ្នកដទៃ ប្រយ័ត្នគុណក្លាយជាទោសទៅវិញ។ លោកអ្នកមានមនុស្សស្រលាញ់រាប់អាន និងជួយយកអាសារណាស់ ដូច្នេះបញ្ហាតូចធំមួយចំនួន និងអាចជួយកែសម្រួលបានដោយងាយស្រួល។ ទន្ទឹមនឹងនោះ អ្វីដែលអ្នកត្រូវធ្វើជាចាំបាច់គឺគ្រប់គ្រងការនិយាយស្តី។ ធ្វើយ៉ាងណាកំណត់ការចរចា ពាក្យ សំដី និងរាល់មតិរិះគន់ទាំងឡាយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ លោកអ្នកអាចមានលទ្ធភាពទាក់ទាញការយកចិត្តទុកដាក់ពីមនុស្សនៅក្នុងរង្វង់ការងារ ក៏ដូចជាដៃគូពាណិជ្ជកម្ម ដូច្នេះចូរប្រើប្រាស់ពេលវេលានេះធ្វើការងារឲ្យបានក្នុងកំរិតខ្ពស់បំផុត។ ចំពោះលោកអ្នកដែលមានបំណងនឹងផ្លាស់ ប្តូរការងារ ឬទីកន្លែងការងារគឺអាចនឹងធ្វើបានតាមបំណងប្រាថ្នា។ លើសពីនេះ ការចាក ចេញក្នុងបេសកកម្មការងារគឺល្អប្រសើរបំផុតនៅពេលនេះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមានទាំងអស់។ លោកអ្នកអាចទទួលបានឳកាសនៃលាភសំណាងច្រើន ប៉ន្តែទាំងនោះទាក់ទងនឹងឳកាសការងារ​ ច្រើនជាងលុយកាក់។ សម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារគឺអាចធ្វើទៅបាន ប៉ុន្តែចាំបាច់ណាស់ត្រូវមានគម្រោង ពីព្រោះនៅកណ្តាលផ្លូវ អ្នកអាចប្រទះនឹងភាពអសកម្មតិចតួច។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមចំណាយពេលវេលា បន្ថែមដើម្បីយល់ដឹងពីការងារ ឬចូលទៅអោយកាន់តែកៀកនឹងថ្នាក់លើទើបល្អ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យ។ ប៉ុន្តែភាពចាំបាច់បំផុត គឺសូមរក្សាភាពស្មោះត្រង់ និងសប្បុរសចំពោះមនុស្សនៅជុំវិញខ្លួន ពីព្រោះអាកប្បកិរិយានេះនឹងអាចបង្កើនទំនាក់ទំនង និងរក្សាទំនុកចិត្តពីមជ្ឈដ្ឋានជុំវិញ។ លើសពីនេះ អ្នកអាចយកឈ្នះមនុស្សដែលកំពុងមានបំណងមិនល្អចំពោះអ្នក។ ដោយឡែក ប្រការដែលអ្នក ត្រូវយកចិត្តទុកដាក់បំផុតគឺសូមកុំជឿជាក់មនុស្សដែលនៅទើបស្គាល់ ដោយសារភាពរអាក់ រអួលក្នុងទំនាក់ទំនងមិនទាន់ជំរះអស់នៅឡើយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរនានាមានដំណើរការល្អប្រសើរ។ អ្នកអាចមានមនុស្សជាច្រើនចាំជួយទំនុកបម្រុងយ៉ាងខ្លាំងក្នុងពេលនេះ ដូច្នេះចូរមានចិត្តស្មោះត្រង់ត្រឡប់ទៅវិញ និងរក្សាអត្តចរិកជានិច្ច។ ក្នុងនោះដែរ សូមបន្តធ្វើទំនាក់ទំនងបន្ថែម និងជៀសវាងជម្លោះដាច់ខាត សូមធ្វើជាអ្នកចាញ់ បើទោះបីជាអ្នកគួរតែត្រូវតបតក៏ដោយ។ ដោយឡែក លោកអ្នកទទួលបានអំណោយផលយ៉ាងល្អក្នុងការបង្ហាញគោល គំនិត និងគម្រោងការរបស់ខ្លួនសម្រាប់កិច្ចការងារនៅក្នុងពេលនេះ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។ ស្ថានភាពនេះហាក់ធ្វើឲ្យលោកអ្នកមានការលំបាកក្នុងការសម្រេចចិត្ត ប៉ុន្តែសូមកុំមានការព្រួយបារម្ភខ្លាំងពេក ចូរជ្រើសរើសមនុស្សដែលអ្នកទុកចិត្ត និងសុំការពិភាក្សា។ ក្នុងនោះដែរ ការជឿជាក់ខ្លួនឯងមានសារសំខាន់បំផុតក្នុងពេលនេះ។ ដោយឡែក​ លោកអ្នកអាចមានបញ្ហាជាមួយថ្នាក់លើ ដូច្នេះសូមប្រយ័ត្នសំដី។ សូមព្យាយាមរកពេលគិតរិះរកមធ្យោបាយឆ្លើយតបបញ្ហា និងកែប្រែស្ថានការណ៍។ ក្រៅពីនេះ ធ្វើយ៉ាងណារក្សាទឹកចិត្ត ដើម្បីបញ្ចៀសជំលោះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់។ ថ្ងៃនេះអ្នកអាចសម្រេចចិត្តផ្លាស់ប្តូរស្ថានភាពការងារបាន ដូច្នេះគ្មានហេតុផលណាមួយដែលអ្នកគួរទ្រាំជាមួយស្ថានភាពអវិជ្ជមានៃការងារឡើយ។ ទន្ទឹមនឹងនោះ ប្រសិនបើអ្នកមិនរីករាយជាមួយទំនាក់ទំនងផ្ទាល់ខ្លួន ថ្ងៃនេះក៏ជាពេលវេលាល្អសម្រាប់ការពិភាក្សាដោះស្រាយបញ្ហាផងដែរ។ ដោយឡែក សូមចាក ចេញពីការជួបជុំទាំងឡាយណាដែលមិនមែនទាក់ទងនឹងការងារ ពីព្រោះភាពរិះគន់ ការនិយាយដើមចុងនឹងធ្វើអោយអ្នកបាត់បង់ទំនុកចិត្តយ៉ាងខ្លាំងពីមជ្ឈដ្ឋានជុំវិញ។

ចំណាំៈ

ឆ្នាំទាំង៤ រោង ម្សាញ់ មមី វក រាសីឡើងខ្ពស់ត្រដែត។ នៅពេលនេះអ្នកនឹងទទួលបានការ ផ្តល់ជូនដ៏ល្អប្រសើរបំផុតសម្រាប់ការងារ។ ចំណែកឋានៈ តួនាទីក៏នឹងអាចទទួលបានផង ដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner