សមត្ថកិច្ចបានអប់រំប្រជាពលរដ្ឋ ឲ្យបញ្ឈប់ការចោលសំរាមទៅក្នុងទន្លេ

ភ្នំពេញ ៖ មន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញ លោក ប៉ែន អ៊ៀតយៀន ជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកអប់រំ ឲ្យបញ្ឈប់ចោលសំរាមទៅក្នុងទន្លេជាបន្តទៀត។ លោក កែន ផាន អនុប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ពលរដ្ឋ ឲ្យបញ្ឈប់សកម្មភាព យកសំរាមទៅបោះចោល ក្នុងប្រភពទឹក ឬទីសាធារណៈ និងស្នើឲ្យមានការចូលរួមលើកកម្ពស់បរិស្ថានអនាម័យឲ្យបានគ្រប់គ្នា។

សូមបញ្ជាក់ថា លោក ប៉ែន អ៊ៀតយៀន បានយកសំរាម ទៅបោះចោលក្នុងដងទន្លេចតុមុខ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាពេលកន្លងទៅថ្មីៗនេះ ដែលផ្ទុយពីសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។ ក្នុងករណីមិនរៀងចាល នឹងមានការផាកពិន័យ តាមជំពូកទី៧ នៃអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន។ ក្រោយពីទទួលបានការណែនាំ សាមីខ្លួនបានទទួលស្គាល់ នូវកំហុសឆ្គងរបស់ខ្លួន ព្រមទាំងបានសន្យាថា មិនប្រព្រឹត្តខុសជាលើកទី២ ទៀតនោះទេ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner