អំណោយសម្តេចតេជោ ហ៊ុន សែន ចែកជូនពលរដ្ឋចាស់ជរា ពលរដ្ឋ មានជីវភាពខ្វះខាត រងគ្រោះដោយសារទឹកជំនន់ជិត ២០០គ្រួសារ ក្នុងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ អំណោយជាគ្រឿងឧបភោគបរិភោគជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនិងក្រុមការងារឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរ ដោយ អភិបាលរងខេត្ត ក្រុមការងារ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បាននាំយកទៅចែកជូនដល់ពលរដ្ឋចាស់ជរា មានជីវភាពខ្វះខាត រងគ្រោះដោយសារទឹកជំនន់រស់នៅតាមដងស្ទឹងនៅក្នុងសង្កាត់ចំនួន៣ រួមមាន ៖ សង្កាត់ភ្នៀត , សង្កាត់កោះពងសត្វ និងសង្កាត់អូរអំបិល ជិត ២០០គ្រួសារ ដើម្បីជួយដោះស្រាយបញ្ហាប្រចាំថ្ងៃ ក្នុងគ្រាដែលពួកគាត់កំពុងជួបការលំបាកដោយសារគ្រោះទឹកជំនន់ នៅក្នុងក្រុងសិរីសោភ័ណ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចអាជ្ញាធរខេត្ត យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ទោះបីជាជួបបញ្ហាកូវីដ១៩ គ្រោះធម្មជាតិផ្សេងៗដូចខ្យល់កន្តាក់ និងគ្រោះទឹកជំនន់នេះជាដើមនេះ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៍បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា ថែរក្សាសុខភាពឲ្យបានល្អ ៕ ដោយ៖ឃិន គន្ធា

