មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល ណែនាំដល់នាយ-ពលទាហាន ត្រូវត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ
កណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាល កាលថ្ងៃចន្ទ័ ទី០៣ ខែតុលា ឆ្នា២០២២នេះ នៅចំពោះមុខកងកម្លាំង នៅក្នុងឱកាសផ្សព្វផ្សាយសភាពការណ៍ថ្មីៗ បានធ្វើការណែនាំដល់ នាយ-ពលទាហានទាំងអស់របស់អង្គភាព ត្រូវត្រៀមខ្លួនជាស្រេច ត្រូវត្រៀមខ្លួន ១០០% ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះដោយគ្រោះធម្មជាតិនានា ដូចជា ទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះបាញ់ ជាដើម ។
ឯកឧត្តម បានគូសបញ្ចាក់បន្ថែមថា រដូវនេះជារដូវភ្លៀងធ្លាក់ ដែលវាអាចបណ្តាលឲ្យកម្ពស់ទឹកកើនឡើងជាបន្តបន្ទាប់ ហើយនៅតាមបណ្តាខេត្តមួយចំនួនបានកើតទៅជាជំនន់ទឹកភ្លៀង ខេត្តខ្លះមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ រន្ទះបាញ់ ធ្វើឲ្យគ្រោះថ្នាក់ដល់មនុស្សសត្វ ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ ដូច្នេះក្នុងនាមយើងជាកងទ័ព ត្រូវត្រៀមកម្លាំង១០០% ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ។
ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាការ ក៏បានក្រើនរំលឹកដល់នាយ-ពលទាហានទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ចូលរួមអនុវត្តវិធានការ ៣ការពារ៣កុំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានជូនពរដល់នាយ-ពលទាហាន ទទួលបានជោគជ័យគ្រប់ភារកិច្ច។
ឯកឧត្តម មេបញ្ជាការ ក៏បានសម្ដែងនូវការសោកស្ដាយ ចំពោះមរណៈភាពរបស់ យោធិនទាំងពីររូប ដែលបានធ្វើពលិកម្មដ៏ធំធេង នៅក្នុងបេសកកម្មចុះជួយសង្គ្រោះប្រជាពលរដ្ឋលង់ទឹកដោយសារជំនន់ទឹកភ្លៀងនៅស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យនាពេលថ្មីៗនេះផងដែរ៕ ង៉ាន់ ទិត្យ

