ប្រតិភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ ព្រមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍បន្តដំណើរតាមជើងហោះហើរក្នុងស្រុករបស់មីយ៉ាន់ម៉ា ទៅទស្សនាទីក្រុងបាហ្គាន
មីយ៉ាន់ម៉ា៖ ប្រតិភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ ក្នុងនោះមកពីកូរ៉េ ជប៉ុន ចិន ថៃ អាល្លឺម៉ង់ អូទ្រីស អេស្ប៉ាញ តួកគី និង អង់គ្លេស រួមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍ប្រមាណ១០០នាក់បានបន្តដំណើរទស្សនកិច្ចតាមជើងហោះហើរក្នុងស្រុករបស់មីយ៉ាន់ម៉ា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នំា២០១៩នេះ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងបាហ្គាន ។
នៅពេលទៅដល់ទីនោះ ប្រតិភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ រួមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្ទីរទេសចរណ៍មីយ៉ាន់ម៉ា មុនធ្វើដំណើរតាមរថយន្តក្រុងទៅទស្សនាទិដ្ឋភាពប្រាសាទដ៏ចំណាស់មួយនៅក្នុងទីក្រុង បាហ្គាន ដែលជាអតីតរាជាណាចក្របុរាណដ៏ល្បីល្បាញរបស់ប្រទេសមីយ៉ាន់ម៉ា ។ អ្នកមគ្គុទេសមីយ៉ាន់ម៉ាបានឱ្យដឹងថា ប្រាសាទ បាហ្គាន នេះ គឺជាទិសដៅទេសចរណ៍ដ៏សំខាន់មួយដែរនៅមីយ៉ាន់ម៉ា ដោយវាធ្លាប់ជារដ្ឋធានីនៃចក្រភពមីយ៉ាន់ម៉ាដំបូងគេ ក្នុងចំណោមទីតាំងបុរាណវិទ្យាដែលមានជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ មានទីតំាងស្ថិតនៅលើច្រាំងខាងកើតនៃទន្លេ អាយ៉េយ៉ាវ៉ាឌី និងមានចម្ងាយប្រហែល១៤០គីឡូម៉ែត្រភាគនិរតីនៃទីក្រុង ម៉ាដាឡេ ។ អ្នកមគ្គុទេសមីយ៉ាន់ម៉ាបន្ថែមថា វេទមន្តនៃប្រាសាទ បាកាន បានបំផុសភ្ញៀវទេសចរទៅកាន់ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជិត ១.០០០ឆ្នាំ ។ បាហ្គាន គ្របដណ្តប់លើផ្ទៃដី៤២គីឡូម៉ែត្រក្រឡា ដែលមានវត្តអារាម និងប្រាសាទដែលត្រូវបានថែរក្សាយ៉ាងល្អជាង២.០០០នៅសតវត្សរ៍ទី១១-១៣ ។ ប្រាសាទប្រវត្តិសាស្រ្តនេះទៀតសោត មានភាពស្រស់ស្អាត ជាមួយនឹងរូបចម្លាក់តូច និង ធំជាច្រើននៃព្រះពុទ្ធ និងចម្លាក់ដ៏ស្រស់ស្អាតនៅក្នុងជញ្ជាំង ។ ហើយអ្វីដែលពិសេសនោះ វាគឺជាតំបន់មួយក្នុងចំណោមរមណីយដ្ឋានបេតិកភណ្ឌពិភពលោករបស់អង្គការ យូណេស្កូ ផងដែរ ។
បន្ទាប់មកប្រតិភូសារព័ត៌មានកម្ពុជា និង អន្តរជាតិ រួមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍បានបន្តដំណើរទៅទស្សនាសហគ្រាសផលិតសម្ភារៈអនុវស្សាវរីយ៍ដ៏សំបូរបែបមួយ មានឈ្មោះថា U BA NYEIN Lacquer Ware Workshop ដោយនៅទីនោះ ប្រតិភូសារព័ត៌មានកម្ពុជា និងអន្តរជាតិ រួមទំាងទីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍បានទស្សនាការច្នៃប្រឌិតដ៏ប៉ិនប្រសប់ និង ប្រកបដោយជំនាញបទពិសោធន៍ជាច្រើនឆ្នំារបស់បុគ្គលិកនៃសហគ្រាស U BA NYEIN Lacquer Ware Workshop ។ ហើយនៅពេលរសៀលបន្តិច ក្រុមប្រតិភូបន្តដំណើរទៅទស្សនា និងស្វែងយល់ពីប្រាសាទបុរាណមានវ័យចំណាស់មួយទៀត មានឈ្មោះថា Thatbyinnyu Phaya ។ អ្នកមគ្គុទេសមីយ៉ាន់ម៉ាបានឱ្យដឹងថា ប្រាសាទបុរាណនេះគឺជាប្រាសាទខ្ពស់ជាងគេបង្អស់របស់ទីក្រុងបាហ្គាន ដែលមានកម្ពស់ជាង៦០ម៉ែត្រ ត្រូវបានសាងសង់ឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១២ មានទីតំាងស្ថិតនៅជិតនឹងប្រាសាទបុរាណ Ananda ។ ប្រាសាទនេះមាន២ជាន់ ដោយមានរូបព្រះពុទ្ធអង្គុយនៅលើជាន់ទី២ ។ អ្វីដែលធ្វើឱ្យក្រុមប្រតិភូទាក់ទាញ និង ចាប់អារម្មណ៍ខ្លំាងបំផុតនោះ គឺការទស្សនាថ្ងៃលិចនៅលើជាន់ទី១៣ នៃអគារ The O Bo Gon Hill ដែលជាអគារខ្ពស់គេបំផុតនៅក្នុងទីក្រុងបាហ្គាន ដោយយើងអាចទស្សនាទស្សនីយ៍ដ៏ស្រស់ស្អាត និង ខ្យល់ធម្មជាតិ ប៉ុន្តែតម្រូវឱ្យភ្ញៀវទេសចរណ៍ទិញសំបុត្រចូលទស្សនា ដោយក្នុងម្នាក់ត្រូវចំណាយប្រាក់៥ដុល្លារ ៕