សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា បាននឹងកំពុងព្យាយាមប្រែក្លាយវិបត្តិឱ្យទៅជាកាលានុវត្តភាព ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជា ត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ដែលបានគ្រប់គ្រង និងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ។

ក្នុងបរិការណ៍ដែលប្រទេសជាច្រើននៅជុំវិញពិភពលោក នៅបន្តជួបប្រទះនឹងការឆ្លងរាលដាលនៅឡើយ រាជរដ្ឋាភិបាល បាននិងកំពុងព្យាយាមប្រែក្លាយវិបត្តិឱ្យទៅជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាព ប្រកួតប្រជែងរបស់កម្ពុជា ។

សម្ដេចបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកទាំងមូលរបស់យើងបានជួបប្រទះនូវបញ្ហាប្រឈមជាបន្ត-បន្ទាប់ ។ ថ្វីត្បិតតែជំងឺកូវីដ-១៩ បានថមថយ បញ្ហាប្រឈមផ្សេងទៀតក៏បាន និងកំពុងកើតមានឡើងជាបន្តបន្ទាប់ ដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងសម្ពាធអតិផរណា បូករួមទាំងការប្រែប្រួលអាកាសធាតុ និង គ្រោះធម្មជាតិ ដែលបាននិងកំពុងដាក់សម្ពាធបន្ថែមមកលើអាយុជីវិត និងជីវភាពរបស់ប្រជាជនយើង ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ ។

សម្ដេចបញ្ជាក់ថា កម្ពុជា ត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ដែលបានគ្រប់គ្រង និងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ។ ក្នុងបរិការណ៍ដែលប្រទេសជាច្រើននៅជុំវិញពិភពលោក នៅបន្តជួបប្រទះនឹងការឆ្លងរាលដាលនៅឡើយ រាជរដ្ឋាភិបាលបាននិងកំពុងព្យាយាមប្រែក្លាយវិបត្តិឱ្យទៅជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាព ប្រកួតប្រជែងរបស់កម្ពុជា ។

ក្នុងនោះ កាលពីខែ តុលា ឆ្នាំ ២០២១ កម្ពុជា បានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មីដោយមាន ការកំណត់នូវការផ្តល់ការលើកទឹកចិត្ត និងការការពារដល់វិនិយោគិនជាក់លាក់ និងច្បាស់លាស់ ក្នុងបំណងបង្កើនការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងបាននិងកំពុងជំរុញការអនុវត្ត ឯកសារគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗ ដូចជាវិស័យកាត់ដេរ យានយន្ត អេឡិចត្រូនិក កសិកម្ម ទេសចរណ៍ ប្រៃសណីយ៍ និងប្រសិទ្ធភាពថាមពល ជាដើម ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅក្នុងក្របខណ្ឌពាណិជ្ជកម្មអន្តរជាតិ កម្ពុជាក៏បានក្លាយជាប្រទេសហត្ថលេខីនៃ (១). កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ សកល (២). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន និង (៣). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ។

សម្រាប់ទិសដៅទៅមុខ ក្នុងបរិការណ៍ដែលពោរពេញ ទៅដោយភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាខ្ពស់ រាជរដ្ឋាភិបាល នឹងផ្តល់អាទិភាពដល់ការកសាងភាពធន់នៃសេដ្ឋកិច្ចជាតិ ដូចបានកំណត់នៅក្នុង«ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ » ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner