សាធារណរដ្ឋប៉ូឡូញ បើកសម្ពោធស្ថានកុងស៊ុលកិត្តិយសរបស់ខ្លួន នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ សាធារណរដ្ឋប៉ូឡូញ បានប្រកាសបើកស្ថានកុងស៊ុលកិត្តិយសរបស់ខ្លួន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ នៅសណ្ឋាគាររ៉ូសវ៉ូត រាជធានីភ្នំពេញ។

ពិធីនេះមានការចូលរួមពី ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក Waldemar Dubaniowski ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប៉ូឡូញប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ, ឯកឧត្តម ចែម វិឌ្យា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោក លោកស្រីជាថ្នាក់ដឹកនាំបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិជាច្រើនរូបទៀតផងដែរ។

លោក Waldemar Dubaniowski បានថ្លែងនូវការស្វាគមន៍ ចំពោះការបើកស្ថានកុងស៊ុលកិត្តិយសប៉ូឡូញ ដែលនេះត្រូវបានចាត់ទុកថា ជាការបោះជំហានដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ (ប៉ូឡូញ-កម្ពុជា)។ លោកថាកុងស៊ុលកិត្តិយសនេះ ក៏មានតួនាទីសំខាន់ក្នុងការដើរតួនាទីជាស្ពាន ពិសេសរវាងរដ្ឋាភិបាល អ្នកជំនួញ ការសម្របសម្រួលវប្បធម៌ និងការផ្លាស់ប្តូរការសិក្សាផងដែរ។

បើតាមលោកឯកអគ្គរដ្ឋទូត នៅក្នុងវិស័យសេដ្ឋកិច្ច ប៉ូឡូញបានក្លាយជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា។ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៏ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងប៉ូឡូញ មានការកើនឡើងជាវិជ្ជមាន ដោយបានឈានដល់ ៥៩០លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលតួលេខនេះកើនឡើងជាង ៣០ភាគរយ បើធៀបនឹងរយពេលដូចគ្នាកាលពីឆ្នាំ២០២០។

ជាមួយគ្នានេះ លោក ស សារិន ដែលត្រូវបានតែងតាំងជា កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋប៉ូឡូញប្រចាំកម្ពុជា បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ប៉ូឡូញ គឺត្រូវបានដឹកនាំដោយកិច្ចសហប្រតិបត្តិការ ការយោគយល់ទៅវិញទៅមក និងចំណងមិត្តភាពដ៏យូរអង្វែង។ ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យការទូត វប្បធម៌ និងពាណិជ្ជកម្ម ចាប់តាំងតែពីការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៥៦មក។

លោកជឿជាក់ថា ការបង្កើតស្ថានកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋប៉ូឡូញនៅក្នុងប្រទេសកម្ពុជា នឹងជួយពង្រឹង និងធ្វើឲ្យស៉ីជម្រៅថែមទៀត នូវចំណងទាក់ទង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមិត្ត រវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនឆ្នាំតទៅមុខទៀត។

ក្នុងនាមជាកុលស៊ុលកិត្តិយស នៃសាធារណរដ្ឋប៉ូឡូញប្រចាំនៅកម្ពុជា លោកនឹងទទួលបន្ទុកនូវតួនាទីសំខាន់ៗ ដោយក្នុងនោះរួមមាន ទាំងតួនាទីជួយអភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ទេសចរណ៍ អប់រំ វិទ្យាសាស្រ្ត បច្ចេកទេស និងវប្បធម៌រវាងសាធារណរដ្ឋប៉ូឡូញ និងកម្ពុជា ព្រមទាំងជួយផ្សព្វផ្សាយលើកកម្ពស់សេដ្ឋកិច្ច វិទ្យាសាស្រ្ត វប្បធម៌ និងភាសារបស់ប៉ូឡូញ។ ការគាំទ្រជាមួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ពីសំណាក់វិស័យរដ្ឋ និងឯកជន នឹងដើរតួនាទីជាកត្តាគន្លឹះមួយ ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៃការលើកស្ទួយចំណងទាក់ទងទ្វេភាគីរវាងកម្ពុជា និងប៉ូឡូញឲ្យដល់កម្រិតថ្មីមួយទៀត។

លោក ស សារិន បានអះអាងទៀតថា ការបង្កើតស្ថានកុលស៊ុលកិត្តិយសរបស់សាធាណរដ្ឋប៉ូឡូញនាពេលនេះ នឹងមិនត្រឹមជាការបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ វាក៏នឹងជួយបំពេញបន្ថែមដល់កិច្ចប្រឹងប្រែង របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ក្នុងការអនុវត្តការទូតសេដ្ឋកិច្ចផងដែរ។

អំលុងអាណត្តិជាកុលស៊ុលកិត្តិយស លោក ស សារិន ប្ដេជ្ញាថា នឹងខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីប៉ូឡូញ-កម្ពុជា, លំហូរពាណិជ្ជកម្ម និងវិនិយោគមកកាន់កម្ពុជា និងស្វែងរកសក្តានុពលផ្សេងៗទៀត សម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ។

ក្នុងចំណោមសកម្មភាពជាច្រើន លោកសង្ឃឹមថា នឹងអាចរៀបចំដំណើរទស្សនកិច្ចដោះដូរបទពិសោធន៍ទៅវិញទៅមក ក៏ដូចជាដំណើរទស្សនកិច្ចធុរកិច្ច ដើម្បីលើកស្ទួយពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគរវាងប្រទេសយើងទាំងពីរ។ លោកជឿជាក់ថា ជោគជ័យនៃបេសកកម្មរបស់ស្ថានកុលស៊ុលកិត្តិយសប៉ូឡូញ នឹងជាកត្តាដែលមានតម្លៃធំមួយ ទៅក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងបណ្តារដ្ឋដទៃទៀត ដែលជាសមាជិកសហភាពអឺរ៉ុប នៅក្នុងប្រទេសកម្ពុជា ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner