មេដឹកនាំជប៉ុន-កូរ៉េខាងត្បូងនឹងពិភាក្សាគ្នាតាមទូរស័ព្ទ ហើយរំពឹងថា នឹងថ្កោលទោសការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង
សេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន សុកយ៉ុល គ្រោងនឹងធ្វើកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទនៅរសៀលថ្ងៃព្រហស្បតិ៍ទី០៦ ខែតុលា ឆ្នាំ២០២២នេះ។
សារព័ត៌មានជប៉ុន NHK បានរាយការណ៍ថា មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងថ្កោលទោសការបាញ់សាកល្បងមីស៊ីលផ្លោងជាបន្តបន្ទាប់ដោយកូរ៉េខាងជើង រួមទាំងមីស៊ីលរយៈចម្ងាយមធ្យម កាលពីថ្ងៃអង្គារសប្តាហ៍នេះផងដែរ។ ទន្ទឹមគ្នា លោក គីស៊ីដា និងលោក យ៉ូន ក៏ទំនងជានឹងបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការក្នុងកិច្ចការសន្តិសុខរវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយសហរដ្ឋអាមេរិក។ កូរ៉េខាងជើងកំពុងពន្លឿនការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ខណៈដែលអ្នកសង្កេតការណ៍ខ្លះនិយាយថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី ៧ របស់ខ្លួន។
កាលពីខែមុន មេដឹកនាំទាំងពីរបានជួបគ្នានៅទីក្រុង New York សហរដ្ឋអាមេរិក នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។ មេដឹកនាំទាំងពីរបានយល់ព្រមសហការលើបញ្ហាពាក់ព័ន្ធនឹងកូរ៉េខាងជើង ដោយពួកលោកបានបញ្ជាក់ថា នឹងដោះស្រាយបញ្ហាលេចធ្លោរវាងប្រជាជាតិទាំងពីរ ព្រមទាំងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើង ជាក់ស្តែងជាមួយនឹងបញ្ហាទាសករក្នុងសម័យសង្គ្រាម៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា
