ប្រដាល់សកល៖ កម្មវិធីប្រកួត ULTIMATE PRO BOXING គឺដើម្បីរាស់ស្ទង់សមត្ថភាពកីឡាករ និងពង្រឹងការរៀបចំសម្រាប់ ស៊ីហ្គេម២០២៣

ភ្នំពេញះ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានលើកឡើងថា ការរៀបចំកម្មវិធី ប្រដាល់សកលអាជីព ULTIMATE PRO BOXING នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ គឺដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពកីឡាករប្រដាល់ជម្រើសជាតិកម្ពុជា ក៏ដូចជាពង្រឹងដល់ការរៀបចំកម្មវិធីប្រកួត សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកអគ្គលេខាធិការ បានលើកឡើងថា ការរៀបចំខាងលើ គឺដើម្បីផ្ដល់ឱកាសឲ្យកីឡាករជម្រើសជាតិ គាត់បានចូលរួមប្រកួតឲ្យបានច្រើន មុនពេលឈានទៅដល់ការប្រកួត នៅកម្រិតអន្តរជាតិ។

លោកបានមានប្រសាសន៍បន្ថែមថា «សម្រាប់កម្មវិធីនេះ គឺយើងផ្ដោតក្នុងទិសដៅ ធ្វើយ៉ាងណាឲ្យកីឡាករ មានសកម្មភាពប្រកួត ដើម្បីដកស្រង់បច្ចេកទេសកម្រិតក្នុងប្រទេស មុនពេលពួកគាត់ឈានទៅរកការប្រកួតលក្ខណៈអន្តរជាតិ។ បើយើងប្រៀបធៀបជាមួយប្រភេទកីឡាប្រដាល់ផ្សេង គឺគាត់មានឱកាសបានប្រកួតច្រើន។ ប៉ុន្តែប្រដាល់សកលយើង គឺមិនមានឱកាសប្រកួតប្រចាំសប្ដាហ៍នៅតាមស្ថានីយទូរទស្សន៍ឡើយ។

ដូច្នេះគឺ មូលហេតុនេះហើយ ទើបសហព័ន្ធសម្រេចបង្កើតការប្រកួតផ្ទាល់ខ្លួន ដែលទី១ គឺយើងផ្ដល់ឱកាសឲ្យកីឡាករ ទី២យើងពង្រឹងសមត្ថភាពនៃការវិនិច្ឆ័យរបស់មន្ត្រីគណៈកម្មការ អាជ្ញាកណ្ដាល ចៅក្រម។ មួយទៀត គឺយើងពង្រឹងលើការរៀបចំការប្រកួតឲ្យស្របតាមលក្ខណៈស្តង់ដារបច្ចេកទេស របស់សហព័ន្ធអន្តរជាតិ ដើម្បីឲ្យពួកគាត់អាចត្រៀមឆ្ពោះទៅរៀបចំ ពិសេសគឺសម្រាប់ស៊ីហ្គេមឆ្នាំក្រោយ»។

លោកបន្ថែមថា ជុំវិញការប្រកួតព្រឹត្តិការណ៍ខាងលើនេះដែរ ក៏មានចងក្រងក្បួនច្បាប់មួយចំនួន ដើម្បីឲ្យកីឡាករ ធ្វើយ៉ាងណា ប្រកួតឲ្យអស់សមត្ថភាព ហើយប្រសិនបើមន្រ្តីគណៈកម្មការរៀបចំការប្រកួត មើលឃើញថា ប្រកួតមិនអស់សមត្ថភាព នឹងបណ្ដេញចុះពីលើសង្វៀន។ បន្ទាប់ពីដេញចុះហើយ បើសិនសង្កេតឃើញហេតុផលមិនសមរម្យណាមួយ នឹងមានការព្រមាន ឬដាក់វិន័យបន្ថែមទៀត នៅពេលក្រោយ៕ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner