លោក បៃដិន ថា ហានិភ័យនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរកំពុងត្រឡប់មកវិញជាលើកដំបូង ចាប់តាំងពីសង្គ្រាមត្រជាក់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ទី៦ ខែតុលានេះថ្លែងថា ហានិភ័យនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរកំពុងឈានដល់កំរិតខ្ពស់បំផុតគិតចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ ខណៈដែលក្រុមមន្ត្រីរុស្ស៊ីគិតតែនិយាយអំពីលទ្ធភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរ បន្ទាប់ពីកងកម្លាំងរបស់ខ្លួនរងបរាជ័យជាបន្តបន្ទាប់នៅសមរភូមិក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែនអស់ពេល ៨ខែមកនេះ។
អស់ពេលជាច្រើនខែមកហើយ ក្រុមមន្ត្រីអាមេរិកបានព្រមានអំពីលទ្ធភាព ដែលរុស្ស៊ីអាចប្រើអាវុធប្រល័យលោកនៅអ៊ុយក្រែន នៅពេលកងកម្លាំងខ្លួនរងបរាជ័យយុទ្ធសាស្ត្រជាបន្តបន្ទាប់នៅលើសមរភូមិ។
លោក ចូ បៃដិន បានថ្លែងនៅឯពិធីរៃអង្គាសថវិការសំរាប់គណៈកម្មាធិការយុទ្ធនាការព្រឹទ្ធសភារបស់បក្សប្រជាធិបតេយ្យ យ៉ាងដូច្នេះថា ប្រធានាធិបតីរុស្ស៊ីគឺជាមនុស្សដែលខ្ញុំស្គាល់យ៉ាងច្បាស់ ហើយមេដឹកនាំរុស្ស៊ីរូបនេះមិនលេងសើចទេ នៅពេលគាត់និយាយអំពីការប្រើសព្វាវុធនុយក្លេអ៊ែរ ឬអាវុធគីមី និងជីវសាស្ត្រ។ លោកថា យើងមិនដែលបានប្រឈមលទ្ធភាពផ្ទុះសង្គ្រាមបែបនេះ ចាប់តាំងពីសម័យ Kennedy និងវិបត្តិមីស៊ីលគុយបា។
ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា ការប្រើអាវុធនុយក្លេអ៊ែរណាមួយ អាចរាលដាលទៅជាជម្លោះលែងអាចគ្រប់គ្រងបាន និងបង្កមហន្តរាយដល់ពិភពលោក។ លោកថា ខ្ញុំមិនមើលឃើញថា ការប្រើអាវុធនុយក្លេអ៊ែរណាមួយ វាងាយស្រួលនោះទេ ហើយក៏មិនបញ្ចប់ត្រឹមការបាញ់នុយក្លេអ៊ែរទៅមកនោះដែរ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា


