កម្ពុជាផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនកាណាដា រុករកប្រេងនៅ លើផ្ទៃដី៥ពាន់គីឡូម៉ែត្រការ៉េ ស្ថិតក្នុងខេត្តចំនួន៥

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល បានសម្រេចផ្តល់អាជ្ញាប័ណ្ណឱ្យដល់ក្រុមហ៊ុន EnerCam Resources Corp ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Angkor Resources របស់ប្រទេសកាណាដា ធ្វើការសិក្សា ស្រាវជ្រាវរុករកប្រេង និងឧស្ម័ននៅប្លុក VIIIដែលផ្ទៃក្រឡាប្រមាណ៥ពាន់គីឡូម៉ែត្រការ៉េ ស្ថិតក្នុងខេត្តចំនួន៥ របស់កម្ពុជា។

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានប្រាប់អោយដឹង នៅថ្ងៃទី៧ ខែតុលា ថា បច្ចុប្បន្ន នេះក្រុមហ៊ុនកំពុងរៀបចំផែនការដំណើរការសិក្សាស្រាវជ្រាវដែលរយៈពេលនៃសិក្សាស្រាវជ្រាវនេះមានរយៈ ពេល ៧ឆ្នាំ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា “ប្រសិនបើការសិក្សាស្រាវជ្រាវរកឃើញប្រេង ដែលមានលក្ខណៈពាណិជ្ជ កម្ម គាត់អាចដាក់ពាក្យសុំធ្វើអាជីវកម្មដែលរយ:ពេលសរុបនៃកិច្ចព្រមព្រៀងប្រេងកាតមានរយ:ពេល៣០ឆ្នាំ»។ បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតរូបនេះ ប្លុកប្លុក VIII គ្រប់ដណ្តប់លើខេត្តកំពង់ស្ពឺ កោះកុង ព្រះ សីហនុ កំពត និងកែប ដែលមានផ្ទៃក្រឡាប្រហែល ៥ពាន់គីឡូម៉ែត្រការ៉េ។ កន្លងមកតំបន់នេះពុំទាន់មានការ សិក្សាពីមុនមកទេ។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Angkor Resources កាលពីថ្ងៃទី ៣ ខែតុលា បាន ឱ្យដឹងថា ការរុករកដំណាក់កាលដំបូងនៅប្លុក VIII នឹងរួមបញ្ចូលការទទួលបានស៊ីស៊ិក ដែលបន្ទាប់មកនឹងបញ្ចប់ ការវិភាគយ៉ាងទូលំទូលាយ។ ការទាក់ទាញដំបូងនៅលើតំបន់គោលដៅនេះ នឹងក្លាយជាផ្នែកមួយនៃផែនការ ការងារដំណាក់កាលដំបូងផងដែរ។

លោក Mike Weeks ប្រធានក្រុមហ៊ុន EnerCam បានឱ្យដឹងថា ការផ្តល់អាជ្ញាប័ណ្ណនេះ នឹងជំរុញក្រុមហ៊ុនចូលរួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្មប្រេង និងឧស្ម័នរបស់កម្ពុជា។ លោកបញ្ជាក់ថា៖ «យើងមានក្តីរំភើប ចំពោះការឈានទៅមុខផ្នែកប្រេង និងឧស្ម័នក្នុងប្រទេសកម្ពុជា ដោយយើងជឿថា នេះជាការផ្លាស់ប្ដូរដ៏សំខាន់ មួយ សម្រាប់ប្រទេសទាំងមូល។ ការមានប្រភពថាមពលរយៈពេលវែងផ្ទាល់ខ្លួនគឺសម្រាប់ឧស្ម័នធម្មជាតិ (LNG) ប្រេងឥន្ធនៈ និងផលិតផលជាច្រើនប្រភេទដែលនាំចូលមកកម្ពុជានាពេលបច្ចុប្បន្ននឹងជំរុញប្រទេសនេះឱ្យទៅ ដល់កម្រិតថ្មីមួយទៀត”។

លោកស្រី D Weeks អគ្គនាយកក្រុមហ៊ុន Angkor Resources បាននិយាយថា កម្ពុជាត្រូវការប្រភពថាមពល ផ្ទាល់ខ្លួន ហើយក្រុមហ៊ុនទន្ទឹងរង់ចាំលទ្ធផលក្នុងការរុករក និងផលិតថាមពលយ៉ាងសកម្មសម្រាប់ប្រទេសនេះ។ លោកស្រីបន្តថា៖ «នេះក៏ជាឱកាសដ៏ធំមួយ សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យឧស្សាហកម្មថ្មីដ៏ សំខាន់សម្រាប់កម្ពុជា ។ គួរជម្រាបថា តំបន់សម្រាប់ការរុករកប្រេងនៅកម្ពុជាត្រូវបានបែងចែកជាង ២៥ប្លុក ក្នុងនោះ ៦ប្លុកនៅក្នុងសមុទ្រ និង ១៩ប្លុកនៅលើដែនគោក ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner