ជនជាតិចិនម្នាក់ ពាក់ព័ន្ធបទល្មើសបម្រុងនាំគ្រឿងញៀនជាង ១គីឡូទៅប្រទេសថៃ ត្រូវសមត្ថកិច្ចជំនាញចាប់ខ្លួនបញ្ចូនទៅតុលាការ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនជនជាតិចិនម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធបទល្មើសបម្រុងដឹកជញ្ជូនគ្រឿង ញៀនឆ្លងដែនខុសច្បាប់ ចេញពីកម្ពុជាទៅប្រទេសថៃ ។
ក្នុងប្រតិបត្តិការណ៍នេះ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់ ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី សមត្ថកិច្ចគយនិងរដ្ឋាករ ប្រចាំការនៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកចេញដំណើរ) បានសហការជាមួយ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម នាយករងមន្ទីរ លោកវរ:សេនីយ៍ឯក តឹក សូនី នាយការិយាល័យ ក្រោមការសម្របសម្រួលដោយ លោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យឧបករណ៍បំពងសម្លេង (Speaker) នៅគោលដៅ ច្រកចេញដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ជាលទ្ធផលឃាត់ជនសង្ស័យម្នាក់ឈ្មោះ LI CHENG YE ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិចិន និងចាប់យកវត្ថុតាង សារធាតុញៀនប្រភេទ កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ១ គីឡូ ២.៤២ក្រាម ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ដោយ ៖ ជីម ភារ៉ា