កូរ៉េខាងត្បូងព្រមានពីការគំរាមកំហែងផ្នែកសន្តិសុខដ៏ធ្ងន់ធ្ងរនៅឧបទ្វីបកូរ៉េ ក្រោយការបាញ់តេស្តមីស៊ីលរបស់កូរ៉េខាងជើង
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន សុកយ៉ុល បានព្រមានអំពីការគំរាមកំហែងផ្នែកសន្តិសុខដ៏ធ្ងន់ធ្ងរនៅលើឧបទ្វីបកូរ៉េ ក្រោយការធ្វើតេស្តមីស៊ីលផ្លោងជាបន្តបន្ទាប់របស់កូរ៉េខាងជើងចុងក្រោយនេះ។
កូរ៉េខាងត្បូងបានព្រមានថា ទីក្រុងសេអ៊ូល និងប្រទេសជិតខាងអាស៊ីឦសានប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តអាវុធជាច្រើនសប្តាហ៍ ដើម្បីក្លែងធ្វើការវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងសត្រូវរបស់ខ្លួន។ អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន សុកយ៉ុល បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្តាហ៍នេះថា វាមានសារៈសំខាន់ណាស់ក្នុងការទទួលស្គាល់ការពិត អំពីការគំរាមកំហែងផ្នែកសន្តិសុខដ៏ធ្ងន់ធ្ងរនៅលើឧបទ្វីបកូរ៉េ និងនៅអាស៊ីឦសាន ដើម្បីរៀបចំឱ្យបានត្រឹមត្រូវសម្រាប់វា ក្នុងគោលបំណងការការពារអាយុជីវិត និងសុវត្ថិភាពរបស់មនុស្ស មិនមែនសំដៅលើពាក្យសម្ដីនោះទេ ប៉ុន្តែវាជាបញ្ហាក្នុងជីវិតពិត។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីទីភ្នាក់ងារព័ត៌មានរដ្ឋកណ្តាលកូរ៉េ (KCNA) របស់ទីក្រុងព្យុងយ៉ាង បានរាយការណ៍ថា កងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើង បានបញ្ចប់ដោយជោគជ័យ នូវការសាកល្បងដែលក្លែងធ្វើការផ្ទុកក្បាលគ្រាប់យុទ្ធសាស្ត្រ ចូលទៅក្នុងស៊ីឡូដែលលាក់នៅក្រោមអាងស្តុកទឹក។ KCNA បានបញ្ជាក់ថា ការធ្វើតេស្តនេះត្រូវបានធ្វើឡើងដើម្បីផ្ទៀងផ្ទាត់ថា ក្បាលគ្រាប់អាចដឹកជញ្ជូន ផ្ទុក និងត្រៀមសម្រាប់ការបាញ់បង្ហោះក្នុង វិធីរហ័ស និងសុវត្ថិភាពនៅពេលធ្វើប្រតិបត្តិការ ក៏ដូចជាត្រួតពិនិត្យមើលភាពជឿជាក់ នៃប្រព័ន្ធគ្រប់គ្រងទាំងមូល។ ការសាកល្បងនេះគឺជាផ្នែកមួយនៃការបាញ់មីស៊ីលជាបន្តបន្ទាប់ និងសមយុទ្ធផ្សេងទៀតដែលកូរ៉េខាងជើងបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែកញ្ញា ដើម្បីធានាការត្រៀមខ្លួន នៃកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ក្នុងការកម្ទេចគោលដៅដែលមានសក្តានុពលរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលត្រូវបានគេរាយការណ៍ថា បានត្រួតពិនិត្យរាល់ការសាកល្បងទាំងអស់នោះ បាននិយាយថា កងកម្លាំងយោធារបស់លោក នឹងរក្សាជំហរឆ្លើយតបនុយក្លេអ៊ែរដ៏ខ្លាំងបំផុតរបស់ពួកគេ ក៏ដូចជាពង្រឹងបន្ថែមទៀតនៅក្នុងគ្រប់មធ្យោបាយ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

