ទឹកស្ទឹងព្រែកត្នោតបានកើនឡើងខ្លាំង ធ្វើឲ្យផ្ទះប្រជាពលរដ្ឋជាង ១៣៤ខ្នងនៅខណ្ឌដង្កោរងការជន់លិច
ភ្នំពេញ៖ យោងតាមមន្ត្រីអាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះថា ទឹកស្ទឹងព្រែកត្នោត បន្តកើនឡើងបង្កឱ្យមានការជន់លិចលំនៅឋានប្រជាពលរដ្ឋចំនួន ១៣៤ខ្នងផ្ទះ ដែលរស់នៅជាប់ នឹង សណ្ដស្ទឹង ដែលមានសង្កាត់ចំនួន ៥ គឺសង្កាត់ គងនយ,ព្រៃវែង, សាក់សំពៅ,ស្ពានថ្ម,ព្រៃស និងសង្កាត់ជើងឯក គិតត្រឹមល្ងាចថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២២។ ដូចនេះប្រជាពលរដ្ឋនៅជាប់ដងស្ទឹងព្រែកត្នោត និងនៅផ្នែកខ្លះនៃខណ្ឌដង្កោកំពុងមានការព្រួយបារម្ភចំពោះស្ថានភាពទឹកស្ទឹងព្រែកត្នោតដែលលំនៅឋានមួយចំនួនបានលង់លិចទៅហើយ។
ប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារក្នុងសង្កាត់ព្រៃវែង ដែលបានជម្លៀសមកទីទួលសុវត្ថិភាព និង កំពុងរស់ នៅលើទំនប់ជាបណ្ដោះអាសន្ន លើកឡើងថា ស្ថានភាពកម្ពស់ទឹកក្នុង ពេលបច្ចុប្បន្ន ពុំមានការឡើងជាគំហុកនោះទេ ហេតុដូចនេះ ពួកគាត់ក្រោមការជួយពីអាជ្ញាធរមូលដ្ឋាន អាច ជញ្ជូនឥវ៉ាន់ របស់របរទាន់ពេលវេលា។ យ៉ាងណាក៏ដោយអាជ្ញាធរខណ្ឌដង្កោនៅតែយកចិត្តទុកដាក់តាមដានស្ថានភាពទឹកស្ទឹងព្រែកត្នោតនេះជាប់ជានិច្ច។
បច្ចុប្បន្នពួកគាត់ក៏កំពុងបន្តមើលស្ថានភាពទឹក ក្រោមការជូនដំណឹង ជាប្រចាំពីអាជ្ញាធរសង្កាត់ និង បង្កើនការការពារសុវត្ថិភាព ជាពិសេសសុវត្ថិភាពក្មេងៗ។ កម្ពស់ទឹកស្ទឹងព្រែកត្នោត ទោះមានការហក់ឡើងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនក្ដី តែ ពុំទាន់ មាន ការបាក់ទំនប់ដូចឆ្នាំកន្លងនោះទេ។ ចំពោះទំនប់នៅជុំវិញស្ទឹង ត្រូវបានសាងសង់ ខ្ពស់ ជាង មុនផងដែរសម្រាប់ក្នុងភូមិសាស្រ្តខណ្ឌដង្កោ។ អាជ្ញាធរមើលឃើញថាស្ថានភាពទឹកឆ្នាំនេះមិនបង្កហានិភ័យធ្ងន់ធ្ងរដូចឆ្នាំទៅនោះឡើយ។
ជាមួយគ្នានោះដែរ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ១១ ខែតុលាឆ្នាំ២០២២នេះ បានចេញសេចក្តីជូន ដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១២-១៨ ខែតុលា ឆ្នាំ២០២២ ថាកម្ពុជាបន្តទទួល ឥទ្ធិពល នូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល សម្រាប់បណ្តាខេត្តនៅភាគខាងលើ និង ភាគពាយ័ព្យ អាចមានភ្លៀងក្នុងកំរិតតិច ។
ដោយឡែករាជធានី និងបណ្ដាខេត្តភាគខាងក្រោមអាចមានភ្លៀងក្នុងកំរិតពីខ្សោយទៅមធ្យម លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ។ ចំពោះតំបន់ខ្ពង់រាប អាចមានភ្លៀង ក្នុងកំរិតតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ រីឯតំបន់មាត់ សមុទ្រ អាចមាន ភ្លៀងក្នុងកំរិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ៕ដោយ ៖ ជីម ភារ៉ា



