ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៣ បន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំលើកទី២ របស់ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត លើរបៀបវារៈសំខាន់ៗចំនួន៣ បន្ថែមទៀត។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយផ្តោតជាសំខាន់ទៅលើ គោលបំណងផ្តល់ឱកាសន្ថែមទៀតដល់សមាជិក គ.ប.ក. ទាំងអស់ ដើម្បីផ្តល់ធាតុចូលសំខាន់ៗលើឯកសារទាំងនេះ ដើម្បីធានាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសមស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងផ្តល់ឱកាសជូន លេខាធិការដ្ឋាន នៃ គ.ប.ក. ឆ្លើយតប និងផ្តល់សេចក្តីពន្យល់បន្ថែមដល់ គ.ប.ក. ពាក់ព័ន្ធនឹងការរៀបចំ និងកសាងនូវឯកសារទាំងនេះ ក្នុងកំឡុងកិច្ចប្រជុំតែម្តង។

គួរបញ្ជាក់ផងដែរថា របៀបវារៈសំខាន់ៗចំនួន៣ នេះរួមមាន៖ (១.) សេចក្តីព្រាងផែនការសកម្មភាពរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ឆ្នាំ២០២២-២០២៧, (២.) សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេត ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និង(៣.) សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការដោះស្រាយតាមការចរចាចំពោះបទល្មើស ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង។

ឯកឧត្តម ប៉ាន សូរសក្ត័ បានលើកឡើងថា សមិទ្ធផលសំខាន់ៗដែល គ.ប.ក. សម្រេចបាន ក្រោមកិច្ចប្រឹងប្រែងរួមគ្នាជាមួយនឹង អគ្គនាយកដ្ឋាន ក.ប.ប. រួមមាន៖

  • ការចេញនូវព្រះរាជក្រមលេខសន/រកត/០៨២២/៩៦០ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្តីពីការតែងតាំង និងផ្តល់ឋានៈដល់សមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ
  • ការអនុម័តលើបទបញ្ជាផ្ទៃក្នុងស្តីពីរបៀបរបបការងាររបស់ គ.ប.ក. ដោយ គ.ប.ក នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២
  • ការបញ្ជូននូវសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការរួមបញ្ចូលគ្នានៃធុរកិច្ច ទៅទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបន្តនីតិវិធីស្នើសុំការអនុម័ត
  • ការដាក់សម្ពោធឱ្យចាប់ផ្តើមនូវការចរចាសម្រាប់កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីការប្រកួតប្រជែង (AFAC – ASEAN Framework Agreement on Competition Negotiation) ដែលកិច្ចព្រមព្រៀង AFAC នេះ នឹងក្លាយជាកិច្ចព្រមព្រៀងថ្នាក់តំបន់ ក្នុងការជួយសម្រួលដល់កិច្ចសហប្រតិបត្តិការអន្តរជាតិនិងការសម្របសម្រួល លើគោលនយោបាយនិងច្បាប់ស្តីពីការប្រកួតប្រជែង ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី៥៤។

ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើបា្រស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ជាសមាជិក គ.ប.ក. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ក. បានធ្វើការរាយការណ៍អំពីវឌ្ឍនភាពការងារ ការកសាងសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់ និងសមាជិក គ.ប.ក. កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នប្រកួតប្រជែងអន្តរជាតិ ដំណើរការនៃការតាក់តែងបទប្បញ្ញត្តិ ដែលបានដាក់ក្នុងរបៀបវាៈសម្រាប់កិច្ចប្រជុំលើកទី២នេះ និងទិសដៅការងារបន្ត។

ឯកឧត្តម ផាន អូន បញ្ជាក់ថា ដើម្បីគាំទ្រដល់ដំណើរការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែងនៅកម្ពុជា អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជាលេខាធិការដ្ឋានរបស់ គ.ប.ក. បានកំណត់នូវផែនការសកម្មភាពសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

  • បន្តពិភាក្សាជាមួយជំនាញការ GIZ ក្នុងការសិក្សាលើកម្រិតកំណត់(Threshold) ដែលជាលក្ខខណ្ឌតម្រូវក្នុងការជូនដំណឹងអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច
  • បន្តពិភាក្សាជាមួយជំនាញការ GIZ ក្នុងការរៀបចំសេចក្តីសម្រេចរបស់ គ.ប.ក. ក្នុងការគណនាប្រាក់ផាកពិន័យចំពោះបទល្មើស ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង
  • បន្តធ្វើការបណ្តុះបណ្តាលដល់មន្រ្តីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. លើបទប្បញ្ញត្តិ នានា ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ជាពិសេសគឺ ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេត និងប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការដោះស្រាយតាមការចរចាក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ដែលនឹងទទួលការអនុម័តនាពេលខាងមុខ។
  • បន្តអនុវត្ត តាមការណែនាំរបស់ គ.ប.ក. លើការអនុវត្តផែនការសកម្មភាពរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ឆ្នាំ២០២២-២០២៧ ដែលនឹងទទួលការអនុម័តនាពេលខាងមុខ។

ជាលទ្ធផល អង្គប្រជុំបានឯកភាពជារួមលើខ្លឹមសារនៃឯកសារទាំង៣ ដែលរួមមាន៖ (១.) សេចក្តីព្រាងផែនការសកម្មភាពរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ឆ្នាំ២០២២-២០២៧ (២.) សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យ និងការស៊ើបអង្កេត ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និង(៣.) សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការដោះស្រាយតាមការចរចាចំពោះបទល្មើស ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ព្រមទាំងឯកភាពក្នុងការទទួលធាតុចូលបន្ថែមលើឯកសារទាំងនេះ ពីសមាជិក គ.ប.ក. ទាំងអស់ ត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ តាមរយៈការបញ្ជូនធាតុចូលទាំងនោះមក លេខាធិការដ្ឋាន ក្នុងការសម្របសម្រួលនិងកែសម្រួល ដើម្បីដាក់ជូន ឯកឧត្តមប្រធាន គ.ប.ក. ចុះហត្ថលេខា៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner