ឯកឧត្តម ជាប ដាវុធ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្ស ប្រឡងជាប់បាក់ឌុបឆ្នាំសិក្សា២០១៩ និងសិស្សថ្នាក់ទី១២ឆ្នាំសិក្សាថ្មី នៅវិទ្យាល័យល្វាសរ
នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាប ដាវុធ អគ្គនាយករងពន្ធដារ និងជាប្រធានក្រុមការងារទទួលបន្ទុកយុវជនថ្នាក់ជាតិ ស្រុកល្វាឯម តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីឯកឧត្តម អស់លោក ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខ អ្នកការ ក្រោមឱវាទ ព្រមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩ និងសិស្សានុសិស្សថ្នាក់ទី១១ និង១២ថ្មី នៅវិទ្យាល័យល្វាសរ ស្ថិតក្នុងឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល។
តាមរបាយការណ៍របស់លោក កែវ វាសនា នាយកវិទ្យាល័យហ៊ុន សែន ល្វាសរ បានឲ្យដឹងថា វិទ្យាល័យល្វាសរ ឆ្នាំ២០១៩នេះ មានសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន១១៤នាក់ ក្នុងនោះមានសិស្សប្រឡងជាប់និទ្ទេស B មានចំនួន៤នាក់ និទ្ទេស C មានចំនួន២៧នាក់ និទ្ទេស D មានចំនួន២៦នាក់ និងនិទ្ទេស E មានចំនួន៤៣នាក់។ សព្វថ្ងៃ សាលាបញ្ហាប្រឈមនឹងកំណើនសិស្សខ្លាំង ដែលធ្វើឲ្យខ្វះអគារសិក្សា។
មានមតិសំណេះសំណាល ឯកឧត្តម ជាប ដាវុធ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលជានិច្ចជាកាល ឯកឧត្តមបណ្ឌិតតែងតែគិតគូរយកចិត្តទុកដាក់ អំពីសុខទុក្ខ និងការលំបាកខ្វះខាតរបស់លោកគ្រូ អ្នកគ្រូ និងការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ព្រមទាំងនិស្សិតយើងនៅទូទាំងប្រទេស។ ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ក្នុងនោះ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ អាណត្តិទី៥ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យអប់រំ និងវិស័យសំខាន់ៗមួយចំនួនទៀត។ ឯកឧត្តមអគ្គនាយករងពន្ធដារ បានមានប្រសាសន៍លើកឡើងថា យើងទាំងអស់គ្នាបានដឹងហើយថា ការសិក្សារៀនសូត្រមិនត្រឹមតែត្រូវអនុវត្តន៍បន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព មានសក្តានុពលសម្រាប់ការអភិវឌ្ឍសង្គមជាតិ ឲ្យមានការរីកចម្រើន ភាពសុខដុម និងចីរភាពទៀតផង។
ទន្ទឹមនឹងនោះ ការអប់រំ ត្រូវតែឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងមានដំណើរការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្ម។ ក្នុងស្មារតីនេះ ឯកឧត្តមនៅតែយល់ថា ការអប់រំល្អ គឺជាកូនសោសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ។ នៅក្នុងឱកាសនេះ ឯកឧត្តម ជាប ដាវុធ ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ កុំធ្លាក់ចុះក្នុងអបាយមុខ និងជៀសវាងពីគ្រឿងញៀន បង្ករអស្ថេរភាពក្នុងសង្គមគ្រួសារ និងសង្គមជាតិ ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើមនោះ ត្រូវញ៉ាំងខ្លួនក្មួយៗឲ្យទៅជាឫស្សីដ៏រឹងមាំ ត្រង់ល្អ បរិសុទ្ធ មិងវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់បានទៅថ្ងៃអនាគត។ សូមក្មួយៗចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវចេះយោគយល់ និងមានអធ្យាស្រ័យគ្នា ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួនឯង និងអ្នកដទៃ ក៏ដូចជារក្សាបាននូវសេចក្តីថ្លៃថ្នូរដល់សង្គមជាតិយើងទាំងមូលផងដែរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ជាប ដាវុធ តំណាងឯឧអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននាំយកថវិកាមួយចំនួនជូនដល់លោកគ្រូអ្នកគ្រូ១២នាក់ ក្នុងម្នាក់ៗ១០ម៉ឺនរៀល សិស្សប្រឡងជាប់និទ្ទេស C D E ចំនួន១០២នាក់ ក្នុងម្នាក់ៗ១០ម៉ឺនរៀល និងជាការលើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់និទ្ទេស B ចំនួន៤នាក់ ក្នុងម្នាក់ៗ៥០ម៉ឺនរៀលផងដែរ៕ធ.ដ