សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី បើកកិច្ចបជុំកំពូលស្ត្រីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រី នៅក្នុងអាស៊ាន» នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដោយនឹងមានអ្នកចូលរួមដោយផ្ទាល់ផង និងតាមប្រព័ន្ធវីដេអូផង ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អាស៊ាន គឺជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និង ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេស ដោយសារការចូលរួមដ៏សកម្មរបស់ស្ត្រី ។ សេដ្ឋកិច្ចនៃបណ្តាប្រទេសក្នុងអាស៊ាន ពឹងផ្អែកខ្លាំង លើសហគ្រាសធុនមីក្រូ, តូច និង មធ្យម ដែលដឹកនាំដោយស្ត្រី ។ ជាក់ស្ដែង, កម្ពុជា មានសហគ្រាសធុនមីក្រូ, តូច និងមធ្យម រហូតដល់ទៅ ៩៨% នៃចំនួនសហគ្រាសសរុប ដែលបានចូលរួមចំណែក ដល់សេដ្ឋកិច្ចជាតិ ប្រមាណ ៥៨% និង បានផ្តល់ការងារប្រមាណ ៧៣% នៃការងារសរុប ។ ក្នុងនោះ ស្ត្រី គឺជាអ្នកបង្កើត និងគ្រប់គ្រងប្រមាណ ៦១% នៃចំនួនសរុប នៃសហគ្រាសធុនមីក្រូ、តូច និង មធ្យម ។ ការណ៍នេះ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា កំណត់ និង ជំរុញការលើកតម្កើង ស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និង ការលើក កម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍនៅគ្រប់វិស័យ និងគ្រប់កម្រិត ។

សម្ដេចតេជោ បានថ្លែងបន្តថា ក្នុងក្របខណ្ឌអាស៊ាន ទាំងបច្ចុប្បន្ន និង ទៅអនាគត, ស្ត្រី នឹងបន្តដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសក្នុងការស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និង ភាពរឹងមាំ ។ ការណ៍នេះ ទាមទារឱ្យមានការរួមសាមគ្គី និងសហការគ្នាបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលអំណោយផលដល់ការរីកលូតលាស់របស់សហគ្រិនស្រ្តី និងការចូលរួមសហការដោះស្រាយ បញ្ហាប្រឈមផ្សេងៗ ។ ជាក់ស្ដែង, សហគ្រិនភាពរបស់ស្ត្រីនៅក្នុងតំបន់អាស៊ាន បាន និង កំពុង ប្រឈមនឹងឧបសគ្គជាច្រើន ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ជាពិសេសនៅតាមតំបន់ទី ជនបទ ។ ម្យ៉ាងវិញទៀត, ស្ត្រីភាគច្រើន ចាប់ផ្តើមដំណើរការអាជីវកម្មនៅកម្រិតមីក្រូ, កម្រិតតូចៗ និងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាគច្រើនលើសលប់មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាចបង្កឱ្យមានការលំបាកដល់រដ្ឋាភិបាល ក្នុងការកំណត់ និងផ្ដល់ការគាំទ្រតាមការចាំបាច់ ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមខាងលើ ក៏ដូចជាបំផុសសក្តានុពលសហគ្រិនស្ត្រី និងបង្ក ភាពងាយស្រួលក្នុងការចាប់យកនូវកាលានុវត្តភាព និងសក្តានុពលថ្មីៗនានា យើងគួរពិនិត្យ និងផ្តល់ការយកចិត្តទុកដាក់លើកិច្ចការមួយចំនួន ដូចជា៖

ទី១-រៀបចំប្រព័ន្ធអេកូឡូស៊ី (Ecosystem) ដែលឆ្លើយតបទៅនឹងតម្រូវការរបស់សហ គ្រាសធុន មីក្រូ តូច និង មធ្យម និង សហគ្រិនស្ត្រី រួមទាំងការកែលម្អនូវក្របខណ្ឌគតិយុត្ត និង ផ្នត់ គំនិតសង្គមដែលរារាំងដល់សក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច ។

ទី២-ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីលើកកម្ពស់ ជំនាញ (Upskilling) និង បណ្ដុះបណ្តាលជំនាញថ្មី (Re-skilling) ដល់ស្ត្រី និង ក្មេងស្រី រួមទាំង កម្មវិធីអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) ។

ទី៣-លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ឌីជីថល សម្រាប់ស្ត្រី និង ក្មេងស្រី តាមរយៈការផ្ដល់ នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល (Financial and Digital Literacy) និងការសម្រួលលទ្ធភាព ទទួលឥណទាន ទីផ្សារ និង ព័ត៌មាន ក្នុងការចាប់ផ្តើម និង អភិវឌ្ឍអាជីវកម្ម ។

ទី៤-ពង្រីកវិសាលភាពគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម, វិធានការគោលនយោបាយ នានាផ្នែកគាំពារសុខុមាភាពគ្រួសារ និង ការឆ្លើយតបលើការងារថែទាំគ្រួសារ និង ការងារផ្ទះរបស់ ស្ត្រី ព្រមទាំងការវិនិយោគសាធារណៈលើវិស័យសេវាថែទាំ និង សុខុមាលភាពសង្គម។

សម្ដេចបន្ថែមថា កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូ គឺជាសក្ខីភាព ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការរួមសាមគ្គី និងសហការគ្នាលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី ។ សម្ដេចសង្ឃឹមថា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូទាំងអស់ នឹងផ្តល់ការគាំទ្រដល់សេចក្តីថ្លែងការណ៍នេះ ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner