កម្ពុជានឹងបានប្រាក់ជាង១៤លានដុល្លារពីការលក់ប្រេងឆៅ ដែលកប៉ាល់លួចដឹកចេញទៅកាលពីឆ្នាំមុន
ភ្នំពេញ៖រ ដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ឯកឧត្តម ម៉េង សក្ដិធារ៉ា បានធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពីស្ថានភាពកប៉ាល់លួចប្រេងរបស់កម្ពុជាតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយលោកបញ្ជាក់ថា កម្ពុជានឹងបានប្រាក់ត្រឡប់មកវិញប្រមាណជាង១៤លានដុល្លារបន្ទាប់ពីដំណើការលក់ប្រេងឆៅនៅទីផ្សារអន្តរជាតិនោះបានរួចរាល់កាលពីអំឡុងខែកញ្ញាឆ្នាំ២០២២។
រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលរូបនេះបានលើកឡើងថា ប្រេងឆៅរបស់កម្ពុជាដែលផលិតបានទាំងអស់មិនមានការបាត់បង់ទេ។ លោកបន្ថែមថា ការតស៊ូតាមផ្លូវច្បាប់ជាតិនិងអន្តរជាតិ និងការចរចារពាណិជ្ជកម្មដ៏ស្វិតស្វាញ បានរក្សារការពារបាននូវកម្មសិទ្ធនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជាបានយ៉ាងពេញលេញក្នុងនាមជាម្ចាស់ធនធាននេះ។ លោកបន្តថា បន្ទាប់ពីបានគិតតម្រូវតាមលក្ខណៈបច្ចេកទេសគុណភាពរួចហើយ ប្រេងឆៅ ដែលអាចបូមលក់បាន មានចំនួនសរុប ២៨០.៦៥៦ បារ៉ែល ត្រូវបានប្រគល់មកឱ្យរដ្ឋាភិបាលវិញ ដើម្បីចាត់ចែងលក់ និងទូទាត់ចំណែកដល់គ្រប់ភាគីពាក់ព័ន្ធ។
ឯកឧត្តម ម៉េង សក្ដិធារ៉ាបញ្ជាក់៖«ការលក់ប្រេងឆៅរបស់កម្ពុជា បានបញ្ចប់ដោយជោគជ័យ កាលពីខែកញ្ញា២០២២ កន្លងនេះ ដែលការទូទាត់ផ្សេងៗ»។
លោកបានលម្អិតយ៉ាងដូច្នេះថា ៖ «ថ្លៃប្រេងឆៅ ត្រូវកំណត់យកតាមមូលដ្ឋានមធ្យមភាគថ្លៃប្រចាំខែកញ្ញា ស្មើនិង៨៩.៨៦៧ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ សរុបទឹកប្រាក់លក់បាន មាន ២៥,២២២,៥៥៤.៧២ដុល្លារ។ ទឹកប្រាក់លក់បាននេះ ត្រូវកាត់កងថ្លៃឈ្នួលទីផ្សារ និងការបញ្ចុះថ្លៃតាមគុណភាពប្រេង១១.៤៥ដុល្លារក្នុងមួយបារ៉ែលស្មើនឹង៣,២១៣,៥១១.២០ដុល្លារ។ចំណាយលើការដឹកជញ្ជូន ការបង់ថ្លៃធានារ៉ាប់រង ថ្លៃសេវាផ្ទេរផ្ទង់ និងសេវាជំនាញការអន្តរជាតិផ្សេងៗ មានចំនួន១,៧១៥,៣០៦ ដុល្លារ ។ ក្រោយការទូទាត់ថ្លៃខាងលើ ចំណូលលក់នៅសល់សម្រាប់ការបែងចែកដល់ភាគីពាក់ព័ន្ធមានចំនួន២០,២៩៣,៧៣៧.៥២ដុល្លារ ។ ចំណែកភាគីរដ្ឋាភិបាល ត្រូវទទួលបាន ៧០ភាគរយ នៃចំណូលលក់នៅសល់ខាងលើ ស្មើនិង ១៤,២០៥,៦១៦.២៦ដុល្លារ»។
ប្រភពដដែលឱ្យដឹងបន្ថែមថា ក្រៅពីចំណែកសាច់ប្រាក់ដែលរដ្ឋបានទទួលពីការលក់ប្រេងឆៅ ភាគីរដ្ឋាភិបាលក៏នឹងទទួលបានបន្ថែមនូវ ចំណូលថវិកា៥,០០០,០០០ដុល្លារពីការរឹបអូសប្រាក់តម្កល់ធានាកាតព្វកិច្ចរបស់ក្រុមហ៊ុន KrisEnergy ដែលបានតម្កល់ពីមុនពេលប្រកាសក្ស័យធន ព្រមទាំងសម្ភារនានានិងកប៉ាល់ផលិតកម្មប្រេង ដែលមានស្រាប់នាពេលបច្ចុប្បន្ន នៅទីតាំងផលិតកម្មនៅក្នុងតំបន់ផ្លាតហ្វម A នៅប្លុក A នាពេលបច្ចុប្បន្ននេះ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ កែវ ថារ៉ូ បានលើកឡើងថា ៖«សង្ឃឹមថាការផលិតលើកក្រោយមិនឈឺក្បាលដូចលើកនេះ»។ឯកឧត្តម ម៉េង ស័ក្ដិធារ៉ា តបវិញថា ៖«សង្ឃឹមថាបានមេរៀនលើកនេះ លើកក្រោយ អ្នកក្រោយនឹងធ្វើបានល្អជាងនេះ»។
ឯកឧត្តមបង្ហាញសុទិដ្ឋិនិយមថា ៖«ដំណើរផលិតកម្មប្រេងរបស់កម្ពុជា មិនបញ្ចប់ដោយការក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy ទេ។ ជាមួយប្រព័ន្ធស្ថាបនភ័ណ្ឌ ដែលមានរួចហើយ និងទុនដំបូងដែលបានពីការលក់ប្រេងខាងលើ រដ្ឋអាចបន្តដំណើរការផលិតប្រេង ដែលនៅសល់តាមអណ្តូងប្រេងទាំងប្រាំ ប្រមាណជាង ១០ម៉ឺនបារ៉ែលបន្តទៀត និងអាចខួងអណ្តូងប្រេងកាតបន្ថែម ដើម្បីផលិតប្រេងនៅតំបន់មួយចំនួនទៀត ក្រៅពីតំបន់ផ្លាតហ្វម A នេះបន្តទៀត»៕ ដោយ៖ វណ្ណ ស័ក្តិ