ភាគខាងជើង និងភាគឦសានប្រទេសថៃ នឹងមានអាកាសធាតុត្រជាក់ខ្លាំង ជាពិសេស នៅពេលព្រឹក
បាងកក៖ នាយកដ្ឋានឧតុនិយមថៃ បាននិយាយកាលពីថ្ងៃពុធ ទី១២ ខែតុលានេះថា អាកាសធាតុត្រជាក់នឹងគ្របដណ្តប់ភាគខាងជើង និងភាគឦសាន ជាពិសេស ពេលព្រឹក។ ស្ថាប័ននេះបានពន្យល់ថា ប្រព័ន្ធសម្ពាធខ្ពស់កម្រិតមធ្យមពីប្រទេសចិនកំពុងគ្របដណ្តប់លើប្រទេសថៃផ្នែកខាងលើ ដែលនាំមកនូវការថយចុះនៃសីតុណ្ហភាព គួបផ្សំនឹងខ្យល់បក់ខ្លាំង ជាពិសេសនៅតំបន់ភាគឦសាន។
ទន្ទឹមនឹងនេះ ខ្យល់មូសុងកំពុងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងដល់តំបន់មួយចំនួននៅភាគខាងកើត និងខាងត្បូង។ ក្រសួង បានណែនាំដល់ប្រជាពលរដ្ឋ នៅតំបន់នោះ ឱ្យមានការ ប្រុងប្រយ័ត្ន ចំពោះភ្លៀងធ្លាក់ខ្លាំង និង ជំនន់ទឹកភ្លៀង ដែលអាចបង្កជា ជំនន់ទឹកភ្លៀង ។ ប្រភពថា ខ្យល់នៅក្នុងឈូងសមុទ្រថៃ នឹងបណ្តាលឱ្យមានរលកខ្ពស់ ១ទៅ២ ម៉ែត្រ និងច្រើនជាង ២ម៉ែត្រក្នុងអំឡុងពេលមានផ្គររន្ទះ។
ការព្យាករណ៍ អាកាសធាតុ រហូត ដល់ម៉ោង ៦ព្រឹក ថ្ងៃព្រហស្បតិ៍នេះ សម្រាប់នាភាគខាងជើង អាកាសធាតុត្រជាក់នៅពេលព្រឹក សីតុណ្ហភាពថយចុះបន្តិច ភ្លៀងធ្លាក់តិចៗនៅតំបន់ខ្លះ សីតុណ្ហភាពទាបបំផុត ២០-២៣ អង្សាសេ អតិបរមា ២៩-៣៣ អង្សាសេ ខ្យល់បក់ពីទិស ខាងកើត ក្នុងល្បឿន ១០-២០ គ.ម។
សម្រាប់ភាគឦសាន អាកាសធាតុត្រជាក់ នៅពេលព្រឹក សីតុណ្ហភាពថយចុះបន្តិច ខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់តិច នៅតំបន់ខ្លះ ជាពិសេស តំបន់ខាងក្រោម សីតុណ្ហភាពទាបបំផុត ១៨-២២ អង្សាសេ អតិបរមា ២៩-៣២ អង្សាសេ ខ្យល់ បក់ ពី ទិស ឦសាន ល្បឿន ១០-៣០ គ.ម៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត