ប្រធានាធិបតីបារាំងជំរុញឱ្យលោក ពូទីន ត្រឡប់ទៅរកតុចរចាវិញ ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជំរុញឱ្យរុស្ស៊ីចូលខ្លួនទៅកាន់តុចរចា ខណៈលោកបានសន្យាគាំទ្រផ្នែកយោធាបន្ថែមដល់អ៊ុយក្រែន ចំពេលមានការវាយប្រហារកើនឡើងជាបន្តបន្ទាប់ក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ។
ថ្លែងទៅកាន់ទូរទស្សន៍ France 2 ក្នុងថ្ងៃពុធសប្តាហ៍នេះ លោក ម៉ាក្រុង បានថ្កោលទោសការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំ ដែលធ្វើឡើងដោយរុស្ស៊ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារភេរវកម្មលើស្ពានគ្រីមៀ ដែលត្រូវបានបន្ទោសទៅលើទីក្រុងកៀវ។ លោក ម៉ាក្រុង បន្តថា ការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំបង្ហាញថា ជម្លោះនេះបានឈានចូលដល់ដំណាក់កាលដែលមិនធ្លាប់មានពីមុនមក លោកថា នេះជាលើកដំបូងហើយ ដែលជនស៊ីវិលនៅអ៊ុយក្រែនត្រូវបានសម្លាប់… ហើយអគ្គីសនី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតត្រូវបានបំផ្លាញ។
លោក ម៉ាក្រុង បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងផ្តល់ប្រព័ន្ធរ៉ាដា និងមីស៊ីល ដើម្បីការពារពួកគេពីការវាយប្រហារទាំងនេះ ហើយថា បារាំងក៏កំពុងចរចាផងដែរ ក្នុងការបញ្ជូនប្រព័ន្ធកាំភ្លើងធំ Caesar ចំនួន ៦គ្រឿងបន្ថែមទៀតទៅឱ្យអ៊ុយក្រែន។
ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីបារាំងរូបនេះក៏បានជំរុញឱ្យរុស្ស៊ីបញ្ឈប់ប្រតិបត្តិការយោធាពិសេសរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ហើយត្រលប់ទៅរកតុចរចាវិញ ដោយបានលើកឡើងថា ការធ្វើដូច្នេះគឺជារឿងចាំបាច់ ដើម្បីជៀសវាង “សង្រ្គាមសកលលោក”៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា