ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន សម្តែងនូវអំណរសាទរចំពោះ សម្តេចតេជោ ហ៊ុនសែន ដែលតុលាការប្រទេសបារាំងបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំ
ភ្នំពេញ ៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថាន សូមសម្តែងនូវអំណរសាទរ និងសេចក្តីរំភើបរីករាយប្រកបដោយមោទកភាព នៅក្នុងឱកាសដែលតុលាការប្រទេសបារាំងបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជា ណាចក្រកម្ពុជា ដោយបានសម្រេចថា សម្ដេចតេជោ មិនមានការជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ ឯកឧត្តម ហុក ឡង់ឌី ហើយពាក្យពេចន៍ចោទប្រកាន់ទាំងអស់របស់ ទណ្ឌិត សម រង្ស៊ី គឺជាការចោទប្រកាន់ដោយគ្មាន ភស្តុតាង និងបានរកឃើញការពិតថា ទណ្ឌិត សម រង្ស៊ី ពិតជាបានប្រព្រឹត្តអំពើបរិហារកេរ្តិ៍ប្រាកដមែន។
ការផ្តល់យុត្តិធម៌ និងបញ្ជាក់ពីភាពស្អាតស្អំជូន សម្តេចតេជោ ដោយតុលាការបារាំង ជាជោគជ័យដ៏ត្រចះត្រចង់ ស្របតាមបំណងប្រាថ្នាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ដែលរងនូវការចោទប្រកាន់ពីក្រុមជនអគតិមួយចំនួន ដែលតែងតែរិះរកវិធីសាស្ត្រទុច្ចរិតនានា ក្នុងការបំផ្លាញកិត្តិយសថ្នាក់ដឹកនាំកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិក្នុងលោក បុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំ នូវសព្ទសាធុការពរជ័យ ជូន សម្តេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយចិត្តមាំមួន ជន្មាយុយឺនយូរ សុភមង្គល វិបុលសុខ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការ និងបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា មេត្តាទទួលនូវសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា ៕ ដោយ / គ្រី សម្បត្តិ
