ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋជិត ២៥០គ្រួសារ ដែលរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានដឹកនាំក្រុមការងារថ្នាក់ខេត្ត មន្ទីរ អង្គភាពកងកម្លាំងទាំង៣ និងមន្ត្រីថ្នាក់មូលដ្ឋាន នាំយកអំណោយដ៏ថ្លាំថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ ២៤៧គ្រួសារ ដែលរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងឃុំ២ គឺឃុំតស៊ូ និងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ។ ពិធីចែកអំណោយនេះ បានធ្វើឡើងនៅក្នុងសាលាស្រុកជ័យសែន ។

អំណោយដ៏ថ្លៃថ្លារបស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ២៤៧គ្រួសារនោះ ក្នុង១គ្រួសារ ទទួលបាន អង្ករ១បេ ទឹកបរិសុទ្ធ១កេស មី ១កេស ទឹកស៊ីអ៊ី ១យួរ ទឹកត្រី ១យួរ និងត្រីខកំប៉ុង ១យួរ ផងដែរ ។

អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍ថា អំណោយដែលបាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះសារទឹកជំនន់នៅពេលនេះ គឺជាអំណោយសង្គ្រោះបន្ទាន់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងគិតគូខ្ពស់ពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា ។

អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានថ្លែងទៀតថា ប្រជាពលរដ្ឋត្រូវទទួលបានអំណោយនៅក្នុងពេលនេះ មានចំនួន ២៤៧គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកជ័យសែន ក្នុងនោះ មកពីឃុំតស៊ូ ១១៩គ្រួសារ និងមកពីឃុំពុទ្រា ១២៨គ្រួសារ។ ឯកឧត្តមថា ទីណាមានទុក្ខលំបាក ទីនោះតែងមានវត្តមានថ្នាក់ដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចុះជួបសួរសុខទុក្ខ ការផ្តល់ជូនស្បៀងអាហារ គ្រឿងបរិក្ខាប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់បងប្អូន នៅគ្រប់មូលដ្ឋាន ដោយមិនមានប្រកាន់ ឬ រើសអើងនិន្នាការណាមួយនោះឡើយ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា អំណោយទាំងនេះ ថ្វីបើមានចំនួនតិចតួចក៏មែនពិត តែអាចជួយដោយស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ បានមួយគ្រាដែរ។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ក្រោយពីទឹកជំនន់បានស្រកចុះអស់ តាមរយៈការដាំដុះដំណាំកសិកម្ម ដំណាំរួមផ្សំនានា និងការចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ និងលើកកម្ពស់ជីវភាពគ្រួសារ ឲ្យបានល្អប្រសើរឡើងវិញ៕ ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner