ក្រុមការងារ អន្តរក្រសួង ចុះទស្សនកិច្ចសិក្សា ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅខេត្តព្រះសីហនុ
លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មពិការភាព នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម, មូលនិធិជាតិជំនួយសង្គម, ក្រសួងមហាផ្ទៃ, ក្រសួងផែនការ, ក្រសួងសុខាភិបាល, តំណាងសហភាពអឺរ៉ុប, មូលនិធិសហប្រជាជាតិសម្រាប់កុមារ (UNICEF) និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោកជំទាវ បានលើកឡើងការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ដែលព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គម រួមមានទាំងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងារគិតគូរដល់ការគាទ្រឱ្យកាន់តែប្រសើរដល់ជនមានពិការភាព ដែលស្ថិតក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានគោលបំណងលើកទឹកចិត្តស្រ្តី និងកុមារឱ្យប្រើប្រាស់សេវាសុខភាពចាំបាច់មួយចំនួនក្នុងគោលបំណងលើកកម្ពស់សុខុមាភាពមាតា និងកុមារ ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់តាំងកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ ជាវឌ្ឍនភាព, គិតមកត្រឹម ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២, កម្មវិធីនេះ បានផ្តល់អត្ថប្រយោជន៍ដល់អ្នកទទួលផលចំនួន ២៨៨ ៣៦២ នាក់ ដោយក្នុងនោះ មានស្រ្តីចំនួន ១៨១ ៥៤២ នាក់ និងកុមារអាយុក្រោម២ឆ្នាំចំនួន ១០៦ ៨២០ នាក់ ដោយបានចំណាយថវិកាជាតិប្រមាណ៨៤ប៊ីលានរៀល។

លោកជំទាវ បានបន្តថា បន្ថែមលើការយកចិត្តទុកដាក់លើក្រុមគោលដៅជាស្រ្តី និងកុមារ, រាជរដ្ឋាភិបាលក៏បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ផងដែរលើបងប្អូនដែលមានពិការភាព ដោយបច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន និងកំពុងធ្វើការកំណត់អត្តសញ្ញាណពិការភាព ក្នុងគោលបំណងផ្តល់បណ្ណ ដល់ជនមានពិការភាព សម្រាប់ទទួលបានរបបគោលនយោបាយចំពោះជនមានពិការភាពក្រីក្រនៅតាមសហគមន៍នានា នៅខេត្តគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា ក្រោមជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា។

សូមបញ្ជាក់ជូនថា តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ, រាជរដ្ឋាភិបាល កម្ពុជាក៏បានគិតគូរដល់ប្រជាពលរដ្ឋដែលកំពុងទទួលរងហានិភ័យពីសម្ពាធអតិផរណា ដោយសារភាពតានតឹងនៃផ្នែកភូមិសាស្រ្តនយោបាយ និងភាពមិនច្បាស់លាស់នានាដែលបណ្តាលមកពីជំងឺកូវីដ-១៩ ដោយសម្រេចអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បន្តទៀត និងរៀបចំដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ផងដែរ៕ រចនា


