កូរ៉េខាងត្បូងថា អនាគតកិច្ចព្រមព្រៀងអន្តរកូរ៉េ គឺអាស្រ័យលើកូរ៉េខាងជើង
សេអ៊ូល៖ មន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃសុក្រសប្តាហ៍នេះថា អនាគតនៃកិច្ចព្រមព្រៀងយោធាទូលំទូលាយ ដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើងក្នុងឆ្នាំ២០១៨ ដើម្បីកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ គឺអាស្រ័យលើសកម្មភាព និង អាកប្បកិរិយារបស់កូរ៉េខាងជើង។
ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន សុកយ៉ុល បានបញ្ជាក់ថា កិច្ចព្រមព្រៀងអន្តរកូរ៉េអាចឈានដល់ទីបញ្ចប់ នៅចំពោះមុខការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងតំបន់ ដែលកូរ៉េខាងជើងបានធ្វើ តាមរយៈការបាញ់សាកល្បងមីស៊ីលផ្លោងជាច្រើនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងមួយរូបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា រដ្ឋាភិបាលរបស់យើងគោរពកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកន្លងមក ហើយជាការពិតណាស់ យើងជឿជាក់ថា កូរ៉េខាងជើងក៏គួរតែគោរពកិច្ចព្រមព្រៀងទាំងនេះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីរូបនេះបានសង្កត់ធ្ងន់ថា អាជ្ញាធរកូរ៉េខាងជើង ជាអ្នកដែលបានរំលោភលើកិច្ចព្រមព្រៀងនេះ ហេតុដូច្នេះហើយ វាអាស្រ័យលើពួកគេថាតើកិច្ចព្រមព្រៀងនេះត្រូវបានរក្សាទុកឬអត់។
នៅថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន សុកយ៉ុល បានចោទប្រកាន់កូរ៉េខាងជើងថា បានរំលោភលើកិច្ចព្រមព្រៀង បន្ទាប់ពីបានបាញ់កាំភ្លើងធំជាច្រើនគ្រាប់ប្រឆាំងនឹងតំបន់អព្យាក្រឹត ដែលបង្កើតឡើងដោយភាគីទាំងពីរយ៉ាងជាក់លាក់ ដើម្បីរក្សាចម្ងាយប្រុងប្រយ័ត្ន និងជៀសវាងការវាយប្រហារណាមួយ៕ ប្រភព៖ News 360 ប្រែសម្រួល៖ ទីណា និងបុត្រា

