ឯកឧត្តម ដួង សំនៀង និងលោកជំទាវអ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមការងារបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៣រួមជាមួយប្រជាពុទ្ធបរិស័ទ នៅវត្តស្រអែមរតនារាម
ព្រះវិហារ៖ ឯកឧត្តម ដួង សំនៀង សមាជិកក្រុមការងារថ្នាក់ជាតិចុះខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយឃុំស្រអែម និងលោកជំទាវ អ៊ុក ស៊ុនរ៉ានី ព្រមជាមួយក្រុមការងារ បានអញ្ជើញចូលរួមនៅក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៣ រួមជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ នៅវត្តស្រអែមរតនារាម ស្ថិតក្នុងភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក.ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក៏មានរៀបចំធ្វើកិច្ចនមស្សការ សមាទានសិល រាប់បាត្របង្សុកុល វេរប្រគេនចង្ហាន់ រួមនឹងទ័យាទានដល់ព្រះភិក្ខុសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់ដួងវិញ្ញានក្ខ័ន្ធបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន។
និងមួយចំណែកឧទិ្ទសដល់ដួងវិញ្ញាណក្ខ័ន្ធយុទ្ធមិត្ត យុទ្ធនារីដែលបានលះបង់អាយុជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ រួមនឹងដួងវិញ្ញាណក្ខ័ន្ធប្រជាជនខ្មែរស្លូតត្រង់ជាង៣លានអ្នក ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបវាលពិឃាតប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ ឯកឧត្តម ដួង សំនៀង និងលោកជំទាវ អ៊ុក ស៊ុនរ៉ានី បានវេរប្រគេនបច្ច័យចំនួន៣.៣៩៧.០០០រៀល ដល់ព្រះភិក្ខុសង្ឃ ក្នុងការចាត់ចែងកសាងបន្ត នូវសមិទ្ធផលនានា នៅក្នុងទីអារាមវត្ត ដែលកើតចេញពីចិត្តជ្រះថ្លាសាមគ្គី របស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ព្រមទាំងឯកឧត្តម លោកជំទាវ និងក្រុមការងារ ដើម្បីចូលរួមចំណែកកសាងនៅក្នុងវិស័យព្រះពុទ្ធ សាសនាផងដែរ៕សួនលីណា