ចំនួនមនុស្សស្លាប់កើនឡើងបណ្ដាលមកអគ្គិភ័យឆេះពន្ធនាគារនៅអ៊ីរ៉ង់ ខណៈបាតុកម្មលើផ្ទៃប្រទេសកាន់តែរីកធំ
អ៊ីរ៉ង់៖តុលាការប្រទេសអ៊ីរ៉ង់បាននិយាយនៅថ្ងៃចន្ទទី១៧ខែតុលានេះថា អ្នកទោសចំនួនប្រាំបីនាក់បានស្លាប់ដោយសារភ្លើងឆេះនៅពន្ធនាគារ Evin នៃទីក្រុង Tehran កាលពីចុងសប្តាហ៍។ ភ្លើងនេះបានបង្កើនសម្ពាធលើរដ្ឋាភិបាលដែលកំពុងតស៊ូដើម្បីទប់ស្កាត់ការតវ៉ាដ៏ធំទូទាំងប្រទេស។
បាតុកម្មនៅអ៊ឺរ៉ង់កក្រើកឡើងបន្ទាប់ពីការស្លាប់របស់ Mahsa Amini អាយុ២២ឆ្នាំ កាលពីថ្ងៃទី១៦ខែកញ្ញា នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីស។ អាជ្ញាធរកំពុងទប់ទល់នឹងបាតុកម្មទ្រង់ ទ្រាយធំនេះ។
តុលាការរបស់ប្រទេសអ៊ីរ៉ង់បាននិយាយថា ជនរងគ្រោះទាំងអស់ដែលបានស្លាប់ដោយសារភ្លើងឆេះគុកនោះ ត្រូវបានឃុំខ្លួននៅក្នុងផ្នែកមួយនៃពន្ធនាគារដែលកំណត់សម្រាប់អ្នកទោសឧក្រិដ្ឋកម្ម ដូចជាបទល្មើសប្លន់ជាដើម។ពន្ធនាគារ Evin ក៏ជាទីដែលដាក់ អ្នកទោសនយោបាយ និងអ្នកជាប់ឃុំជាច្រើននាក់ ផងដែរ។
អាជ្ញាធរបាននិយាយថា សិក្ខាសាលាពន្ធនាគារមួយត្រូវបានដុតបំផ្លាញ បន្ទាប់ពីការប្រយុទ្ធគ្នាក្នុងចំណោមអ្នកទោសមួយចំនួនដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងចោរកម្ម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យថាអ្នកទោស៤នាក់ភ្លាមៗ ហើយមនុស្សជាង៦០ នាក់ផ្សេងទៀតបានរងរបួស បណ្តាលមកពីការស្រូបផ្សែង។ក្នុងចំណោមអ្នករបួសទាំងនោះ មានមនុស្សបួននាក់ទៀតរបួសធ្ងន់ ចុងក្រោយក៏ស្លាប់ធ្វើតុល្យការមនុស្សស្លាប់កើនឡើងដល់៨នាក់។
នៅក្នុងការអត្ថាធិប្បាយមួយ កាសែតរដ្ឋអ៊ីរ៉ង់បាននិយាយថា អ្នកធ្វើបាតុកម្មគឺមានជំនួយពីសេវាចារកម្មបរទេសបានរៀបចំផែនការដុតភ្លើងដើម្បីទាញចំណាប់អារម្មណ៍របស់អន្តរជាតិលើភាពចលាចលនៃប្រទេសអ៊ឺរ៉ង់។
កាសែតនេះបាននិយាយថា “ការពិនិត្យឡើងវិញភាពប្រទាក់ក្រឡាគ្នានៃព្រឹត្តិការណ៍នេះបង្ហាញថា មានវត្តមានរបស់ ចារកម្មរបស់ប្រទេសលោកខាងលិច ដែលញុះញង់ក្រុមបាតុករ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយថា ភ្លើងឆេះនៅ Evin អាចកើតឡើងនៅក្នុងប្រទេសណាមួយ។
ប្រធានាធិបតីអាមេរិក Joe Biden និងសហភាពអឺរ៉ុប ស្ថិតក្នុងចំណោមអ្នកដែលបានរិះគន់ការបង្រ្កាបរបស់ទីក្រុងTehran លើក្រុមបាតុករ ។ EU កំពុងពិចារណាដាក់ការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរលើមន្ត្រីអ៊ីរ៉ង់មួយចំនួនដែលពាក់ព័ន្ធ។
អ្នកនាំពាក្យតុលាការលោក Masoud Setayeshi បានព្រមានថា៖«ការផ្សព្វផ្សាយព័ត៌មានភូតកុហកដោយចេតនារំខានដល់មតិសាធារណៈគឺត្រូវផ្តន្ទាទោសតាមច្បាប់»។
គ្រួសារនៃអ្នកជាប់ឃុំ នយោបាយមួយចំនួន បានសរសេរលើបណ្ដាញផ្សព្វផ្សាយសង្គមដើម្បីអំពាវនាវឱ្យអាជ្ញាធរធានាសុវត្ថិភាពសាច់ញាតិរបស់ពួកគេនៅពន្ធនាគារ Evin ។ កាលពីឆ្នាំ 2018 ពន្ធនាគារនេះត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់ក្នុងបញ្ជីខ្មៅសម្រាប់ “ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ” ។
ការតវ៉ាដែលបង្កឡើងដោយការស្លាប់របស់ Amini កាលពីមួយខែមុន បានក្លាយទៅជាបញ្ហាប្រឈមដ៏ខ្លាំងក្លាបំផុតមួយចំពោះមេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ ចាប់តាំងពីបដិវត្តន៍ឆ្នាំ 1979 ដោយក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យមានការផ្ដួលរលំរបបដឹកនាំសព្វថ្ងៃ។
ការតវ៉ាបានចាប់ផ្តើមឡើងវិញកាលពីព្រឹកថ្ងៃចន្ទក្នុងក្រុង Yazd និងទីក្រុងមួយចំនួនទៀត។ បាតុករបានថតវីដេអូបង្ហាញពីមនុស្សដុតភ្លើងនៅតាមដងផ្លូវ និងអំពាវនាវឱ្យមានការផ្ដួលរំលំរដ្ឋាភិបាលផង៕ ដោយ៖ វណ្ណ ស័ក្តិ