ឯកឧត្តម ឃួង ស្រេង ៖ អាជ្ញាអធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់និងមុឺងម៉ាត់បំផុតដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលថ្នាក់ដឹកនាំប្រទេសមហាអំណាចមួយចំនួនលើពិភពលោកនឹងអញ្ជើញចូលរួមនៅពេលខាងមុខ!
ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជម្រុញអោយអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់ខ្ពស់និងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ខណៈដែលកិច្ចប្រជុំនេះថ្នាក់ដឹកនាំប្រទេសមហាអំណាចមួយចំនួននៅលើពិភពលោកនឹងអញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដែរ។

ការជម្រុញបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំស្តីពីការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដើម្បីធានាថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ វិច្ឆិកាឆ្នាំ២០២២ ហើយក្នុងកិច្ចប្រជុំនេះ ក៏នឹងមានថ្នាក់ដឹកនាំប្រទេសមហាអំណាចមួយចំនួននៅលើពិភពលោក អញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ ដូច្នេះអាជ្ញាធរនិងកងកម្លាំងទាំងអស់ត្រូវតែម៉ឺងម៉ាត់ ម៉ត់ចត់ ក្នុងកិច្ចការពារប្រតិភូ ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវអនុវត្តចំណុចខ្ពស់ ចាប់អនុវត្តពីថ្ងៃទី០៨វិច្ឆិកា តទៅរហូតដល់កិច្ចប្រជុំត្រូវបានបញ្ចប់ ។

ការងារនេះ ចាប់ពីថ្ងៃស្អែកទៅ ត្រូវដាក់កម្លាំងល្បាត ត្រួតពិនិត្យអាវុធជាតិផ្ទះនិងពិនិត្យរដ្ឋបាលរាល់ថ្ងៃនៅតំបន់ស្មុកស្មាញងាយរងគ្រោះ ពិសេសតំបន់នៅក្បែរទីតាំងស្នាក់នៅរបស់ប្រតិភូនិងកន្លែងប្រជុំរបស់ប្រតិភូ។ ចំណែក មន្ទីរទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ដើម្បីធានាថា ការងាររបស់ខ្លួនអនុវត្តបានល្អ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។

បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យ មន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួលជុលផ្លូវ ក្រលុកសំបុក អ៊ុតកៅស៊ូផ្លូវខូចខាតពាក់ព័ន្ធប្រតិភូឆ្លងកាត់និងត្រូវតុបតែងរាជធានីភ្នំពេញ អោយកាន់តែមានសោភណ្ឌភាពទាក់ទាញបន្ថែមទៀត។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាននេះ សម្រាប់ថ្ងៃទី១០វិច្ឆិកា គណៈប្រតិភូនៃបណ្តាប្រទេសមួយចំនួននឹងអញ្ចើញមកដល់កម្ពុជា នៅថ្ងៃទី១១វិច្ឆិកា ប្រតិភូ ប្រមុខរាជរដ្ឋាភិបាល មន្ត្រីពាក់ព័ន្ធអញ្ជើញដល់ហើយនៅថ្ងៃទី១២វិច្ឆិកា សម្តេចតេជោហ៊ុន សែននឹងអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ាននេះនិងបន្តកិច្ចប្រជុំជាបន្តបន្ទាប់ដល់ថ្ងៃទី១៣វិច្ឆិកា ៕ ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ