លោក វី តារា៖ អត្តពលិកគុនល្បុក្កតោកម្ពុជា ឈ្នះមេដាយ៣គ្រឿង នៅប្រទេសកូរ៉េ

ភ្នំពេញ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបញ្ជូនអត្តពលិក២រូប គឺកីឡាករ ឌិប ង៉ែត និងកីឡាករ មឿន ប៊ុនលី ទៅសាធារណរដ្ឋកូរ៉េ រយៈពេល៦ខែ ចូលរួមកម្មវិធី International Centre Of Martial Arts For Youth Development And Engagement ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងផ្សព្វផ្សាយគុនល្បុក្កតោ លើឆាកអន្តរជាតិ។

លោក វី តារា គ្រូបង្វឹកកីឡាគុនល្បុក្កតោកម្ពុជា បានថ្លែងប្រាប់តាមបណ្តាសង្គមតេក្រាមថា ការបញ្ជូនអត្តពលិក២រូបចូលរួមជាមួយសមាគមយុទ្ធគុនចម្រុះ នៅប្រទេសកូរ៉េខាងលើ គឺដើម្បីផ្សព្វផ្សាយ និងរៀនសូត្រពីបច្ចេកទេស ហាត់ពីវិទ្យាសាស្រ្តកីឡា ហាត់ក្បាច់គុនរបស់គេតាមរៀបណាអោយរលួន ឆាប់ចេះ ហើយឆាប់ទទួលបានសិទ្ធផលល្អ និងការផ្សព្វផ្សាយគុនលក្បុក្កតោកម្ពុជាផងដែរ។ លោកគ្រូបង្វឹករូបនេះ បន្តថា ក្រៅពីចូលរួមកម្មវិធីនេះ អត្តពលិកកម្ពុជា បានចូលរួមការប្រកួតតេក្យុន ដែលជាក្បាច់គុនបុរាណកូរ៉េ កម្រិតពិភពលោក និងឈ្នះមេដាយមាស២ និងសំរិទ្ធ១គ្រឿង ក្នុងចំណោម១០ប្រទេសចូលរួម និងប្រទេសជាច្រើនទៀតចូលរួមប្រកួតតាម Online ។

លោក បន្ថែមថា ការឈ្នះមេដាយនេះ បានបំបែកឯក្តកម្មកាលពីឆ្នាំមុន កម្ពុជាឈ្នះបានមេដាយមាសតែមួយគ្រឿងទេ ប៉ុន្តែឆ្នាំ២០២២នេះ កម្ពុជា បានយកឈ្នះ៣គ្រឿង និងឈ្នះអតីតម្ចាស់មេដាយមាសម្ចាស់ផ្ទះ ជាពិសេសបានផ្សព្វផ្សាយគុនល្បុក្កតោ ទៅកាន់បណ្តាប្រទេសដែលចូលរួមអោយស្គាល់កីឡាអត្តសញ្ញាណ ក្បាច់គុនមរតកខ្មែរដ៏ផូរផង់របស់ព្រះរាជាណាចក្រកម្ពុជា ថាគុនល្បុក្កតោជាអ្វី មកពីណា និងមានសក្តានុពលកម្រិតណា។
គួរបញ្ជាក់ថា កីឡាករ ឌិប ង៉ែត បានឈ្នះមេដាយមាស២គ្រឿង ដោយយកឈ្នះម្ចាស់ផ្ទះនៅវគ្កផ្តាច់ព្រ័ត្រ។ រីឯកីឡាករ មឿន ប៊ុនលី ឈ្នះមេដាយសំរិទ្ធ១គ្រឿង ពីការប្រកួតតេក្យុន ដែលជាក្បាច់គុនបុរាណកូរ៉េ កម្រិតពិភពលោក។

សូមបញ្ជាក់ថា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបញ្ជូនអត្តពលិក២រូប ទៅចូលរួមកម្មវិធី International Centre Of Martial Arts For Youth Development And Engagement ដែលជាសមាជិកអង្គការយូនីស្កូ រយៈពេល៦ខែ នៅប្រទេសកូរ៉េខាងត្បូង ដែលមាន៥ប្រទេសចូលរួម មានកម្ពុជា ឥណ្ឌូនេស៊ី ចិន ប្រេស៊ីល កូរ៉េជាម្ចាស់ផ្ទះ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner