អឺរ៉ុបពិចារណាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ជុំវិញការផ្ទេរ យន្តហោះដ្រូនទៅឱ្យរុស្ស៊ី ដើម្បីបង្កសង្គ្រាមនៅអ៊ុយក្រែន

ព្រុចសែល៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបមួយចំនួននៅថ្ងៃចន្ទសប្តាហ៍នេះ បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ជុំវិញការផ្ទេរយន្តហោះដ្រូនរបស់ខ្លួនទៅឱ្យរុស្ស៊ី ខណៈដែលប្លុកនេះបានយល់ព្រមលើសំណុំដាច់ដោយឡែកមួយទៀត ក្នុងការបង្កកទ្រព្យសម្បត្តិ និងបំរាមធ្វើដំណើរ ពាក់ព័ន្ធនឹងការបង្ក្រាបការតវ៉ារបស់ទីក្រុងតេហេរ៉ង់។

រដ្ឋមន្ត្រីការបរទេសអេស្តូនី លោក Urmas Reinsalu បានប្រាប់កាសែតរ៉យទ័រយ៉ាងដូច្នេះថា ខ្ញុំគិតថា ទណ្ឌកម្មថ្មីគួរតែត្រូវបានដោះស្រាយភ្លាមៗ ខណៈរដ្ឋមន្ត្រីការបរទេសរបស់ប្លុកនេះ ក៏គ្រោងនឹងពិភាក្សាអំពីការផ្ទេរយន្តហោះដ្រូនរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ីផងដែរ។

លោក Reinsalu បន្តថា របាយការណ៍របស់អ៊ុយក្រែន ស្តីពីយន្តហោះដ្រូនដែលមានប្រភពដើមមកពីអ៊ីរ៉ង់ គួរតែត្រូវបានយកចិត្តទុកដាក់ជាពិសេស ដោយការដាក់ទណ្ឌកម្ម ដើម្បីជាការរារាំង និងបង្ហាញថា វាមានផលវិបាក។

បារាំង និងអាល្លឺម៉ង់ ដែលភាគីទាំងពីរនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់ ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា ពួកគេជឿជាក់ថា ការដាក់ទណ្ឌកម្មថ្មីទាក់ទងនឹងយន្តហោះដ្រូនគឺជារឿងចាំបាច់ ហើយការផ្ទេរយន្តហោះដ្រូន ក៏គួរតែត្រូវបានគេមើលឃើញថា ជាការរំលោភបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។

គួរបញ្ជាក់ថា អ៊ុយក្រែនបានរាយការណ៍ពីការវាយប្រហាររបស់រុស្ស៊ី ដោយប្រើប្រាស់យន្តហោះដ្រូនអត្តឃាត Shahed-136 ដែលផលិតដោយអ៊ីរ៉ង់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបាននិយាយកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់ជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់ជីវិតជនជាតិអ៊ុយក្រែន។

ទោះបីជាយ៉ាងណា អ៊ីរ៉ង់បានបដិសេធការផ្គត់ផ្គង់យន្តហោះដ្រូនទៅឲ្យរុស្ស៊ី ចាប់តាំងពីមានការឈ្លានពានអ៊ុយក្រែន ខណៈដែលវិមានក្រឹមឡាំងមិនបានធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner