មន្ត្រីរុស្ស៊ី ព្រមានអ៊ីស្រាអែលមិនឱ្យផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន
រុស្ស៊ី៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ នៅថ្ងៃចន្ទ ទី១៧ តុលា បានព្រមានអ៊ីស្រាអែលចំៗ កុំឱ្យបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន។ លោក និយាយថា បើអ៊ីស្រាអែលធ្វើដូច្នោះ នោះទំនាក់ទំនងរវាងទីក្រុងហ្ស៊េរុយសាឡិម និងមូស្គូនឹងត្រូវបំផ្លាញជាមិនខាន។
«អ៊ីស្រាអែល ហាក់បីដូចជាកំពុងរៀបចំផែនការផ្គត់ផ្គង់សព្វាវុធឱ្យទៅរបបក្រុងកៀវ។ នេះគឺជាសកម្មភាពដែលមិនបានគិតពីផលប៉ះពាល់នៅពេលក្រោយខ្លាំងណាស់។ ទង្វើនេះ នឹងបំផ្លាញទំនាក់ទំនងអន្តររដ្ឋទាំងអស់រវាងប្រទេសរបស់យើងទាំងពីរ»។ លោក ម៉េដវ៉េដេវ បាននិយាយដូច្នោះនៅក្នុងសារបង្ហោះតាមបណ្តាញសង្គមតេឡេក្រាម ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើសនេះទៀតឡើយ។
អតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី ម៉េដវ៉េដេវ ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃប្រទេសរុស្ស៊ី ត្រូវបានគេចាត់ទុកថាជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរូបរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។
ការអត្ថាធិប្បាយរបស់លោកអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនេះ ធ្លាក់មកភ្លាមៗ បន្ទាប់ពីរុស្ស៊ី បានបើកការវាយប្រហារជាថ្មីលើរដ្ឋធានីអ៊ុយក្រែនកាលពីព្រឹកថ្ងៃចន្ទ តាមរយៈយន្តដ្រូនអត្តឃាតគ្មានមនុស្សបើកដែលទំនងជាផលិតដោយប្រទេសអ៊ីរ៉ង់។
កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាននិយាយថា រុស្ស៊ីកំពុងប្រើប្រាស់យន្តដ្រូនគ្មានមនុស្សបើកដែលផលិតដោយអ៊ីរ៉ង់ ដើម្បីតម្រង់គោលដៅវាយប្រហារទៅលើជនស៊ីវិលអ៊ុយក្រែន។
ទូរទស្សន៍ CNN បានទាក់ទងទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដើម្បីសុំការឆ្លើយតបដែរ ប៉ុន្តែពួកគេ មិនបានឆ្លើយតបអ្វីឡើយចំពោះការអះអាងរបស់លោក ម៉េដវ៉េដេវ។
យ៉ាងណាក៏ដោយ គេមើលឃើញថា ការព្រមានរបស់លោក ម៉េដវ៉េដេវ គឺជាការឆ្លើយតបចំពោះសេចក្តីអំពាវនាវរបស់រដ្ឋមន្ត្រីអ៊ីស្រាអែលមួយរូបគឺលោក នេកម៉េន ហ្សៃ (Nachman Shai) ដែលកាលពីថ្ងៃអាទិត្យ អំពាវនាវឲ្យរដ្ឋាភិបាលក្រុងហ្ស៊េរុយសាឡិម បញ្ជូនជំនួយយោធាទៅដល់អ៊ុយក្រែន ក្រោយពីមានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់គ្រោងនឹងផ្តល់ឱ្យទីក្រុងមូស្គូនូវមីស៊ីលបាលីស្ទិក។
លោក ហ្សៃ បាននិយាយថា៖ «ព្រឹកនេះ មានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់កំពុងដឹកមីស៊ីលបាលីស្ទិកទៅឱ្យរុស្ស៊ី។ គ្មានអ្វីគួរឱ្យសង្ស័យទៀតនោះទេ តើថាអ៊ីស្រាអែល គួរឈរនៅខាងណាក្នុងជម្លោះបង្ហូរឈាមនេះ។ វាដល់ពេលហើយសម្រាប់អ៊ុយក្រែន ក្នុងការទទួលបានជំនួយយោធា ដូចជាអ្វីដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសអូតង់ធ្វើអីចឹងដែរ»។
គួរជ្រាបថា ទោះបីជាអ៊ីស្រាអែល បានថ្កោលទោសជាផ្លូវការចំពោះការឈ្លានពានរបស់រុស្ស៊ី និងបានបញ្ជូនជំនួយទៅដល់អ៊ុយក្រែនជាទៀងទាត់ក៏ដោយ ក៏អ៊ីស្រាអែល នៅមិនទាន់បានបញ្ជូនអាវុធទៅទីក្រុងកៀវនៅឡើយទេ។ កន្លងមកនេះ អ៊ីស្រាអែលត្រូវបានគេរិះគន់ថា មិនបានរិះគន់រុស្ស៊ីឲ្យបានខ្លាំងគ្រប់គ្រាន់ ចំពោះសកម្មភាពបង្កសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន៕
ដោយ៖លី លីយ៉ា
ប្រភពព័ត៌មាន៖