គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បើកកិច្ចប្រជុំ ដើម្បីត្រៀមលក្ខណៈរៀបចំពិធីបុណ្យខួបលើកទី១៨ នៃការគ្រងព្រះរាជសម្បត្តិ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំពិធីបុណ្យខួបលើកទី១៨ នៃការគ្រងព្រះរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនិងប្រព្រឹត្តិនៅថ្ងៃសៅវ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូប។
ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ ឯកឧត្តម ប្រធាន បានជម្រាបអំពីគោលបំណង និងភារកិច្ចសំណូមពរនៃការប្រជុំ ដើម្បីពិភាក្សាយបល់រួម និងបែងចែកភារកិច្ច ការចាត់តាំង រៀបចំព្រះរាជពិធី បុណ្យ ខួបលើកទី១៨ នៃការគ្រងព្រះរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យប្រព្រឹត្តទៅសម្រេចបានលទ្ធផលល្អប្រសើរ ធានារូបភាពចាត់តាំង និងខ្លឹមសារឱ្បបានសាកសម។
ក្រោយការពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាមក អង្គប្រជុំ ក៏បានឯកភាពជាគោលការណ៍កំណត់ របស់ ឯកឧត្តម ឈិន កេតនា គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានធ្វើការកំណត់ បែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដោយក្នុងនោះមានដូចជា៖
ទី១ ក្រសួងព្រះបរមរាជវាំង ត្រូវរៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃទិវាគ្រះព្រះរាជសម្បត្តិរបស់ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង ឱ្យសមស្របតាមព្រះរាជប្បវេណី និងប្រពៃណីសាសនា តាមការសព្វព្រះរាជហឬទ័យរបស់ ព្រះករុណាជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ទី២ ក្រសួងរដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងមានតុបតែងលម្អភ្លើងពណ៌ ពាក្យស្លោកថ្វាយព្រះពរ ព្រមទាំងលើកទង់ជាតិ ទស់សានា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកនៅតាមក្រសួង រដ្ឋលេខាធិការដ្ឋានស្ថាប័ន និងរៀបចំលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ និងផ្ញើរជូនក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយឱ្យបានមុន នៃប្រារព្ធពិធីបណ្យ។
ទី៣ រដ្ឋបាលរាជធានីខេត្ត ត្រូវរៀបចំតាំងព្រះបរមឆាយាលក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងមានតុបែងលម្អដោយភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក តាមន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សាលារៀន វត្តអារាម រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ ក្រុមហ៊ុនឯកជន និងតាមគេហដ្ឋានប្រជារាស្រ្ត។
ហើយក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន មួយចំនួនទៀត ដែលក្នុងនោះ មានក្រសួងធម្មការនិងសាសនា ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងរ៉ែ និងថាមពល និងអគ្គីសនីកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ត្រូវអនុវត្តន៍ទៅតាមការណែនាំ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ។
គួរបញ្ជាក់ថា ព្រះបាទនរោត្តមសីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី ព្រះបិតារបស់ទ្រង់បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០០៤។ ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការគឺត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង ក្រុងភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានព្រះបរមនាមថា« ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី» ដែលត្រូវបានប្រែថា «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និងភ័ក្ដីភាព។ មហាក្សត្រដែលព្រះពុទ្ធ និងព្រះឥន្ទ្រលោកឧបត្ថម្ភ។ អ្នករួបរួមខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ»៕ ដោយ ៖ ង៉ាន់ ទិត្យ

