សហរដ្ឋអាមេរិកចោទអ៊ីរ៉ង់រំលោភលើដំណោះស្រាយអ.ស.ប ជុំវិញការផ្គត់ផ្គង់យន្តហោះដ្រូនទៅឱ្យរុស្ស៊ី

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក វេដិន ផាថែល នៅថ្ងៃចន្ទសប្តាហ៍នេះថ្លែងថា សហរដ្ឋអាមេរិកយល់ស្របនឹងការសន្និដ្ឋានរបស់អង់គ្លេស និងបារាំងដែលថា អ៊ីរ៉ង់បានផ្គត់ផ្គង់យន្តហោះដ្រូនដល់រុស្ស៊ី ដោយបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចទាំង៦។

លោក ផាថែល បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា នៅមុននេះបន្តិច សម្ព័ន្ធមិត្តបារាំង និងអង់គ្លេសរបស់យើង បានផ្តល់ការវាយតម្លៃជាសាធារណៈថា ការផ្គត់ផ្គង់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ទៅឱ្យរុស្ស៊ី គឺជាការរំលោភបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ ២២៣១ ហើយនេះគឺជាអ្វីដែលយើងឯកភាព។

លោក ផាថែល បន្ថែមថា ការជឿជាក់របស់យើងគឺថា យន្តហោះដ្រូនដែលត្រូវបានផ្ទេរពីអ៊ីរ៉ង់ទៅកាន់រុស្ស៊ី និងប្រើប្រាស់ដោយរុស្ស៊ីនៅអ៊ុយក្រែន គឺស្ថិតក្នុងចំណោមអាវុធដែលត្រូវបានហាមឃាត់ស្ថិតក្រោមសេចក្តីសម្រេចលេខ ២២៣១។

គួរបញ្ជាក់ថា អ៊ុយក្រែនបានរាយការណ៍ពីការវាយប្រហាររបស់រុស្ស៊ីដោយប្រើយន្តហោះដ្រូនប្រភេទ Shahed-136 ផលិតដោយអ៊ីរ៉ង់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ទោះបីជាយ៉ាងណា អ៊ីរ៉ង់បានបដិសេធការផ្គត់ផ្គង់យន្តហោះដ្រូនទៅឱ្យរុស្ស៊ី ខណៈវិមានក្រឹមឡាំងមិនបានធ្វើអត្ថាធិប្បាយទេ៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner