អង្គការសុខភាពពិភពលោកណែនាំឱ្យចាក់វ៉ាក់សាំងបង្ការជំងឺអាសន្នរោគត្រឹមមួយដូស ដោយសារកង្វះការផ្គត់ផ្គង់ខ្លាំង
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) និងដៃគូរបស់ខ្លួនកំពុងផ្តល់អនុសាសន៍ឱ្យប្រទេសនានា ប្តូរទៅប្រើប្រាស់វ៉ាក់សាំងជំងឺអាសន្នរោគមួយដូសជាបណ្តោះអាសន្នវិញ ជំនួសអោយការចាក់វ៉ាក់សាំងចំនួនពីរដូស ដោយសារកង្វះការផ្គត់ផ្គង់ ខណៈដែលការផ្ទុះឡើងនៃជំងឺដែលឆ្លងតាមទឹកនេះកើនឡើងទូទាំងពិភពលោក។
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានព្រមានថា ការផ្ទុះឡើងនៃជំងឺអាសន្នរោគនៅក្នុងប្រទេសចំនួន ២៩ នៅឆ្នាំនេះ កំពុងដាក់សម្ពាធដែលមិនធ្លាប់មានពីមុនមក លើការផ្គត់ផ្គង់វ៉ាក់សាំងបង្ការដែលមានកម្រិតរបស់ពិភពលោក។ លោកថា អាជ្ញាធរគួរមានគោលបំណងបង្កើនការផលិតថ្នាំបង្ការ ហើយថា ការចែកចាយត្រូវតែជាដំណោះស្រាយបណ្ដោះអាសន្ន។
បើតាមអង្គការសុខភាពពិភពលោក (WHO) ប្រទេសមួយចំនួនដូចជា ហៃទី ម៉ាឡាវី និងស៊ីរី កំពុងតស៊ូដើម្បីបញ្ឈប់ការផ្ទុះឡើងនៃជំងឺដ៏ធំ ហើយការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យការរីករាលដាលកាន់តែញឹកញាប់ ដោយសារបាក់តេរីដែលបណ្តាលឱ្យកើតជំងឺនេះ អាចបន្តពូជបានលឿនជាងមុននៅក្នុងទឹកក្តៅ។
ក្នុងឆ្នាំ២០១០ ជំងឺអាសន្នរោគបានសម្លាប់មនុស្សជិត ១០,០០០នាក់នៅក្នុងប្រទេសហៃទី បន្ទាប់ពីជំងឺនេះត្រូវបាននាំចូលនៅទីនោះ ដោយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ WHO បញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងចំនួន ៣៦លានដូសដែលត្រូវបានរំពឹងទុកសម្រាប់ឆ្នាំ ២០២២នេះ ក្នុងនោះ ២៤លានដូសត្រូវបានដឹកជញ្ជូនរួចហើយសម្រាប់យុទ្ធនាការចាក់ថ្នាំបង្ការ។
គិតមកទល់ពេលនេះ មិនមានដំណោះស្រាយរយៈពេលខ្លី ដើម្បីបង្កើនផលិតកម្មនោះទេ។
ក្រុមការងារសកលស្តីពីជំងឺអាសន្នរោគបានប៉ាន់ប្រមាណថា ពិភពលោកត្រូវការវ៉ាក់សាំងជំងឺអាសន្នរោគប្រហែល ២៥០លានដូសគិតចាប់ពីពេលរហូតដល់ឆ្នាំ ២០២៥ខាងមុខ ដើម្បីបញ្ឈប់ការផ្ទុះឡើងជំងឺអាសន្នរោគ និងសម្រាប់យុទ្ធនាការចាក់ថ្នាំបង្ការ៕ ប្រភព៖ AP ដោយ៖ ទីណា និងបុត្រា

