ជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្ត្រីនិងអ្នកសារព័ត៌មានគ្រោងធ្វើនៅដើមឆ្នាំ២០២៣បន្ទាប់ពីខកខានពីរឆ្នាំ
ភ្នំពេញ៖ពិធីជួបជុំរវាងអ្នកសារព័ត៌មាននិងសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន លើកទី៥ គ្រោងធ្វើឡើងវិញនៅដើមឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ ដោយសារវិបត្តិកូវីដ១៩។ជំនួបនេះធ្វើឡើង ក្នុងគោលដៅបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់នាំរដ្ឋាភិបាលនិងអ្នកសារព័ត៌មាន និងបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើអ្នកសារព័ត៌មាន។
ក្រសួងព័ត៌មានបានបើកកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដើម្បីត្រៀមរៀបចំពិធីជួបជុំរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយអ្នកសារព័ត៌មាន ជាលើកទី៥ ឆ្នាំ២០២៣ ដោយបានពិភាក្សាគ្នាក្នុងការបង្កើតគណៈកម្មការរៀបចំពិធីនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន និងអ្នកសារព័ត៌មាន ដើម្បីជំរុញការលើកកម្ពស់វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើនតាមរយៈការបង្កើនទំនាក់ទំនងរវាងអ្នកសារព័ត៌មាននិងអ្នកនាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ អ្នកនាំពាក្យរាជធានី ខេត្ដ និងអ្នកនាំពាក្យតាមមន្ទីររាជធានី ខេត្ដ ដែលអាចធ្វើការផ្ទៀងផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មានកាន់តែមានភាពសុក្រឹត្យ ព័ត៌មានពិត និងជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម។
លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ពិធីជួបជុំសំណេះសំណាលរវាងសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន និងអ្នកសារព័ត៌មានលើកទី៥ ក្នុងឆ្នាំ២០២៣ ខាងមុខនេះ គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានកំណត់យកថ្ងៃទី ១៤ ខែមករា ជារៀងរាល់ឆ្នាំដើម្បីជួបជុំជាមួយអ្នកសារព័ត៌មាន។
លោកមាស សោភ័ណ្ឌ បន្ត៖ «កម្មវិធីនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ក៏ដូចជា លើកកម្ពស់ពីសារសំខាន់នៃតួនាទីរបស់អ្នកសារព័ត៌មាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិរបស់យើង និងជាដៃគូរសហការនឹងរដ្ឋាភិបាលក្នុងការពាំនាំព័ត៌មានពិតពីស្ថាប័នរដ្ឋ ទៅពលរដ្ឋ និងពីពលរដ្ឋ មកស្ថាប័នរដ្ឋវិញ» ។
លោកបន្ថែមថា កន្លងមក ពិធីជួបជុំនេះ ក៏ជាវេទិកាផ្តល់ឲ្យអ្នកសារព័ត៌មានលើកឡើងពីតម្រូវការរបស់ខ្លួនទៅកាន់រដ្ឋាភិបាល និងសម្រាប់រដ្ឋាភិបាលផ្តល់អនុសាសន៍ដល់អ្នកសារព័ត៌មានវិញ ដើម្បីពង្រឹងវិស័យនេះ ឲ្យកាន់តែមានការរីកចម្រើន។
លោកបន្តថា ចំពោះសំណុំបែបបទសម្រាប់ការអញ្ជើញអ្នកសារព័ត៌មានក្នុងកម្មវិធីជួបជុំនេះ ខាងក្រសួងព័ត៌មាននឹងរៀបចំសេចក្តីប្រកាសមួយទៅដល់បណ្តាអង្គភាពសារព័ត៌មានទាំងអស់ ហើយឲ្យអ្នកសារព័ត៌មាននៃបណ្តាអង្គភាពទាំងនោះចុះឈ្មោះដោយស្ម័គ្រចិត្តតាមរយៈអង្គភាពរៀងៗខ្លួន មកកាន់ក្រសួងព័ត៌មានវិញ។
កម្មវិធីជួបជុំរវាងអ្នកសារព័ត៌មាននិងសម្តេចតេជោនាយករដ្ឋមន្ត្រីនេះ គ្រោងធ្វើឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដែល មានភារកិច្ច សមត្ថកិច្ច ទាក់ទងវិស័យព័ត៌មាន និងសោតទស្សន៍ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី របស់ស្ថានីយវិទ្យុ ទូរទស្សន៍ មន្ត្រីទទួលបន្ទុកព័ត៌មានរាជធានី ខេត្ត អ្នកនាំពាក្យក្រសួង ស្ថាប័ន និងមន្ត្រីអង្គភាពចំណុះ ក្រសួងមានចំនួនប្រមាណ ៥ពាន់នាក់។ នេះបើតាមការគួសបញ្ជាក់ពីលោកផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍៕


ដោយ៖ សំបាន ច័ន្ទដារ៉ា