ប្រមុខអង្គការសហប្រជាជាតិ រំឭកឱ្យការពារនិងលើកកម្ពស់សិទ្ធិមនុស្ស ខណៈបំពេញទស្សនកិច្ចបំពេញទស្សនកិច្ចនៅឥណ្ឌា
ឥណ្ឌា៖ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវការរបស់លោកនៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃពុធ ទី១៩ ខែតុលា បន្ទាប់ពីបានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌាកាលពីយប់ថ្ងៃអង្គារ។ នេះគឺជាដំណើរទស្សកិច្ចលើកដំបូងរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពីលោកឡើងកាន់តំណែងអាណត្តិទី២ ជាប្រមុខដឹកនាំអង្គការកំពូលនេះ នៅខែមករា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចរបស់ លោក Antonio Guterres ចុងក្រោយបង្អស់ទៅកាន់ប្រទេសឥណ្ឌា ធ្វើឡើងកាលពីខែតុលា ឆ្នាំ២០១៨ នៅក្នុងអំឡុងពេលលោកកាន់តំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងអាណត្តិទី១។
ជាកិច្ចចាប់ផ្ដើមនៃដំណើរទស្សនកិច្ចនេះ លោក Antonio Guterres បានធ្វើដំណើរទៅគោរពវិញ្ញាក្ខន្ធជនរងគ្រោះនៃការវាយប្រហារភេរវកម្មឆ្នាំ២០០៨នៅសណ្ឋាគារ Taj Mahal Palace ក្នុងទីក្រុងមុមបៃ។ ក្រោយពីនោះ លោកបានអញ្ជើញទៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌាក្នុងរដ្ឋធានីធុរកិច្ចឥណ្ឌា ជាកន្លែងដែលលោកបានថ្លែងអំពីខួបលើកទី៧៥ នៃភាពជាដៃគូរវាងប្រទេសឥណ្ឌានិងអង្គការសហប្រជាជាតិ។
លោកប្រមុខអង្គការសហប្រជាជាតិក៏បានឆ្លៀតយកឱកាសនេះ រំឭកឥណ្ឌាឱ្យការពារនិងលើកកម្ពស់សិទ្ធិមនុស្សប្រទេសឥណ្ឌាថា៖ «ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ឥណ្ឌាមានទំនួលខុសត្រូវក្នុងការរៀបចំសិទ្ធិមនុស្សសកល ដើម្បីការពារនិងលើកកម្ពស់សិទ្ធិរបស់បុគ្គលទាំងអស់ រួមទាំងសមាជិកនៃសហគមន៍ជនជាតិភាគតិច»។
ការរំឭករបស់លោក Antonio Guterres ដូច្នេះ ធ្វើឡើងដោយសារតែមានការលើកឡើងពីក្រុមសិទ្ធិមនុស្សថា ចាប់តាំងពីនាយករដ្ឋមន្ត្រី Modi ឡើងកាន់អំណាចក្នុងឆ្នាំ ២០១៤ ការធ្វើទុក្ខបុកម្នេញ និងការរើសអើងស្អប់ខ្ពើមប្រឆាំងនឹងជនជាតិភាគតិចសាសនាមាននិន្នាការកើនឡើង។ ក្រៅពីនោះក៏មានផងដែរ ការចោទប្រកាន់អំពីការដាក់សម្ពាធលើសកម្មជននិងអ្នកកាសែតទាំងឡាយណាដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល។
សម្រាប់លោកប្រមុខអង្គការសហប្រជាជាតិ ភាពចម្រុះត្រូវតែលើកកម្ពស់ ពង្រីក និងពង្រឹងបន្ថែមឱ្យបានជាប់ជាប្រចាំ។ ហើយដើម្បីការពារតម្លៃនៃភាពចម្រុះនេះ លោក Antonio Guterres បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការថ្កោលទោសចំពោះការវាយប្រហារដោយពាក្យសម្ដីរើសអើងនិងស្អប់ខ្ពើមទាំងឡាយ។ លោកក៏បានទទូចឱ្យឥណ្ឌាការពារសិទ្ធិនិងសេរីភាពរបស់អ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស និស្សិត និងអ្នកសិក្សាទាំងឡាយ ដោយធានានូវឯករាជ្យភាពនៃប្រព័ន្ធតុលាការឥណ្ឌា៕
ដោយ៖កែវ កិរិយា
ប្រភព៖ UN Chief’s Strong Comments On Human Rights In India