អភិបាលខេត្តកំពង់ធំ អញ្ជើញចុះចែកអំណោយដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ ១៨៨៩គ្រួសារ ក្នុងក្រុងស្ទឹងសែន
ខេត្តកំពង់ធំ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកពេញ កែម អភិបាលក្រុងស្ទឹងសែន រួមទាំងមន្រ្តីក្រោមឳវាទ បានអញ្ជើញចែកអំណោយជូនដល់ប្រជាពលរដ្ឋមាន ជីវភាពខ្វះខាតដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងក្រុងស្ទឹងសែន ចំនួន៨សង្កាត់ សរុប១,៨៨៩គ្រួសារ ដែលជាអំណោយដ៏ខ្ពង់ខ្ពស់ ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា។
លោកពេញ កែម អភិបាលក្រុងស្ទឹងសែន បានឲ្យដឹងថា ដោយស្ថានភាពទឹកភ្លៀងក្នុងឆ្នាំ២០២២នេះ បានធ្លាក់ចុះច្រើនលើសលុបបង្កឱ្យ មានផលប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋដូចជា៖ ដំណាំស្រូវ ដំណាំហូបផ្លែ បន្លែរួមផ្សំ លំនៅដ្ឋាន សាលារៀន វត្តអារាម រចនាសម្ព័ន្ធ ដែលរំខានដល់ការសិក្សារៀនសូត្រ សុខភាព និងការប្រកបរបរចិញ្ចឹមជីវិត ប្រជាពលរដ្ឋរស់នៅក្រុងស្ទឹងសែន មានគ្រួសារសរុបចំនួន ១៣,៦៤៥គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ៥៩,៨៩០នាក់ ស្រី ៣០,៦៩០នាក់ ក្នុងនោះប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើងទៅ មាន ចំនួន ៤០,២១៧នាក់ ស្រី ២០,៧៣៤នាក់។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់រដ្ឋបាលក្រុងស្រុក ក្នុងការចុះជួយរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងបានចុះជួយអន្តរាគមន៍ ដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដែលស័ក្កសមនិង មន្រ្តីបម្រើប្រជាជន ហ៊ានលះបង់សេចក្តីសុខផ្ទាល់ខ្លួន និងសេចក្តីសុខគ្រួសារ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ ។
ឯកឧត្តមបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចលោកបានគិតគូរខ្លាំងណាស់ ចំពោះបញ្ហា ដែលបងប្អូនប្រជាពលរដ្ឋ ជួបការលំបាក ជួបគ្រោះមហន្តរាយ ទាំងបញ្ហាទប់ស្កាត់ការឆ្លងជម្ងឺកូវិដ១៩ ទាំងបញ្ហាបងប្អូនប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយដោយសារទឹកជំនន់ សម្តេចលោកបានចាត់ឲ្យមន្ត្រីមូលដ្ឋាន តាមដានសភាពការណ៍ទឹកជំនន់ និងការប្រកបមុខរបរទទួលទាន រួមទាំងជីវភាពខ្វះខាតរបស់បងប្អូន ដោយចាត់ឲ្យនាំយកស្បៀងអាហារ ទៅចែកជូនបងប្អូននៅតាមលំនៅដ្ឋាន ដែលកំពុងតែរងគ្រោះ ដោយមិនបង្អែបង្អង់រងចាំយូរឡើយ ក្នុងនោះឯកឧត្តម អភិបាលខេត្ត បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព ពិសារអាហារមានអនាម័យ និងការពារឲ្យបាននូវជីវិតកូនក្មេង មនុស្សចាស់ និងសត្វពាហនៈ ក្រែងមានការបាត់បង់ខូចខាតដោយប្រការណាមួយដោយសារទឹកជំនន់ ចំណែកអំណោយត្រូវបានចែកជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ១យួរ មី១កេសផងដែរ ៕
ដោយ ប៊ុន រដ្ឋា



