អ្នករួចផុតពីជំងឺមហារីកសុដន់៖ សូមកុំចាំរហូតដល់ជំងឺធ្វើទុក្ខ ទើបទៅទទួលការព្យាបាល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ជំងឺមហារីកសុដន់ គឺជាជំងឺដែលគ្រោះថ្នាក់ និងមានអត្រារស់រានមានជីវិតទាប។ នៅប្រទេសកម្ពុជា​ការយល់ដឹងពីជំងឺនេះ ហាក់នៅមានកម្រិតតិចតួចនៅឡើយ ដែលមូលហេតុភាគច្រើនគឺបណ្ដាលមក ពីភាពខ្មាស់អៀនរបស់ស្ត្រីកម្ពុជា ការរក្សាអនាម័យមិនបានល្អ ការហូបចុកមិនត្រឹមត្រូវ និងសកម្មភាពកីឡាតិចតួចក៏រួមចំណែកក្នុងការបង្ករជាជំងឺមហារីកសុដន់ផងដែរ។

បើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកដែលបានចេញផ្សាយក្នុងឆ្នាំ២០២០ ការស្លាប់ដោយ​សារជំងឺមហារីកសុដន់នៅកម្ពុជាបានកើនឡើងដល់ ៨៥៦ ឬ ០,៩៦% នៃចំនួនអ្នកស្លាប់សរុប។ អត្រាមរណភាពដែលគិតជាមធ្យមលើអាយុគឺ ១២,៧៨ ឆ្នាំ ក្នុងចំណោមប្រជាជន ១០០ ០០០ នាក់ ដែលចំនួននេះបានរុញកម្ពុជាឱ្យជាប់ចំណាត់ថ្នាក់លេខ ១៣៣ នៅលើពិភពលោក។

មូលហេតុភាគច្រើននៃការបាត់បង់ជីវិត គឺដោយសារការទៅទទួលការព្យាបាលយឺតពេល។ ដូច្នេះហើយ «យុទ្ធនាការយល់ដឹងពីជំងឺមហារីកសុដន់ឆ្នាំនេះ» បានលើកយកករណីអ្នករស់រានមានជីវិតចំនួនពីរនាក់ មកចែករំលែកបទពិសោធន៍របស់ពួកគេ។ ហើយពួកគេទាំងពីរនាក់សុទ្ធតែបានលើកពីភាពយឺតយ៉ាវរបស់ស្ត្រីកម្ពុជាផ្សេងទៀត ក្នុងការទៅទទួលយកការព្យាបាល។

លោកស្រី ជុំ ចិន្ដាសោភា ដែលជាអ្នកឆ្លងផុតពីជំងឺមហារីកសុដន់ម្នាក់បានរៀបរាប់ថា៖ «ស្ត្រីខ្មែរមានការប្រឈមខ្លាំងណាស់នឹងការទៅព្យាបាលយឺតពេល ព្រោះតែពួកគាត់មិនទាន់យល់ដឹងពីរបៀបតាមដានសុខភាពរបស់ខ្លួនជាប្រចាំ។»

លោកស្រីបន្តថា៖ «មួយចំនួនទៀតគាត់បានដឹងហើយថាសុខភាពកំពុងមានបញ្ហា ប៉ុន្តែបែរជាខ្លាច និងគេចវេសមិនព្រមទៅពិនិត្យ ឬដោយសារមានកង្វះខាតផ្នែកថវិកា ប៉ុន្តែដល់ដំណាក់កាលមួយដែលគាត់ទ្រាំលែងបាន ទើបគាត់ទៅពិនិត្យ​…ហើយនោះក៏ជាដំណាក់កាលដែលពេទ្យពិបាកនឹងជួយដូចគ្នា»។

លោកស្រីបានលើកយកករណីផ្ទាល់ខ្លួនមក ដែលថាលោកស្រីពិតជាមានការភ្ញាក់ផ្អើលណាស់ នៅពេលដឹងថាខ្លួនមានជំងឺនេះ លោកស្រីបាក់ទឹកចិត្ត និងយល់ថាខ្លួនមិនអាចរស់រានមានជីវិតពីជំងឺនេះបានទេ។ ប៉ុន្តែ លោកស្រីបានគិតត្រឡប់ទៅវិញលើការខិតខំប្រឹងប្រែងប្រកបការងាររបស់ខ្លួនដើម្បីតែក្រពះកន្លងមក ហើយលោកស្រីដាក់ជំនឿជឿជាក់ថា ខ្លួនក៏អាចនៅតែបន្តរស់បានទៀតប្រសិនបើលោកស្រីខំប្រឹងតតាំងជាមួយជំងឺនេះ តាមរយៈការព្យាបាល។

ជាលទ្ធផល លោកស្រីទទួលបានការព្យាបាលជោគជ័យ ដែលជាហេតុនាំឱ្យលោកស្រីចាប់ផ្ដើមផ្ដល់ការលើកទឹកចិត្តដល់ស្ត្រីផ្សេងទៀត ដោយលើកហេតុផលថា៖ «ខ្ញុំអាចឆ្លងផុតបាន អ្នកទាំងអស់គ្នាក៏អាចធ្វើបានដូចគ្នា!»។

អ្នករស់រានមានជីវិតមួយរូបទៀតគឺ លោកស្រី ឡៅ ធន់ណារី ដែលបានកើតជំងឺមហារីកសុដន់នៅអាយុ ៣៥ឆ្នាំ។ លោកស្រីមានកូនពីរនាក់ ដែលទើបតែមានអាយុក្រោម៣ឆ្នាំនៅឡើយ ហើយបន្ទាប់ពីបានដឹងពីស្ថានភាពជំងឺរបស់ខ្លួន លោកស្រីតែងតែយំខ្សឹបខ្សួលអាណិតកូនតូចៗ ដែលនឹងត្រូវបាត់បង់ម្ដាយ។

ស្លៀករ៉ូបពណ៌ផ្កាឈូក ឈរថ្លែងសុន្ទរកថា លោកស្រីដាក់ដៃលើទ្រូង និងរៀបរាប់ទាំងអួលដើម កថា៖ «ខ្ញុំមើលមុខកូនៗហើយ ខ្ញុំទប់ទឹកភ្នែកមិនបានទេ ខ្ញុំអាណិតពួកគេដែលមិនបានដឹងអី គិតបារម្ភពីអនាគតពួកគេពេលដែលខ្ញុំមិននៅ។»លោកស្រីបន្ត៖ «ខ្ញុំពិតជារន្ធត់ និងមិនជឿសោះថាខ្លួនមានជំងឺកាចសាហាវមួយ ទាំងដែលសុខភាពនៅល្អ រាងកាយក៏នៅមាំមួន…រហូតដល់ពេលដែលជំងឺនេះចាប់ផ្ដើមធ្វើទុក្ខខ្លាំង សក់ខ្ញុំចាប់ផ្ដើមជ្រុះទាំងដៃៗ»

ជាមួយគ្នាលោកស្រីបានទៅទទួលការព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងដែលតម្រូវឱ្យចាក់ថ្នាំគីមីចំនួន ១២លើក។ ការចាក់ថ្នាំនេះ ជាដំណាក់កាលដែលរាងកាយលោកស្រីទ្រទ្រង់ស្ទើរតែមិនរួច និងដែលនាំឱ្យលោកស្រីយល់ថា ខ្លួនមិនមានសង្ឃឹមរស់ទេ។

ជារឿងសំណាងមួយ ដែលលោកស្រីមានក្រុមគ្រួសារយកចិត្តទុកដាក់ ផ្ដល់ការលើកទឹកចិត្តជានិច្ច ជាពិសេសគឺស្វាមីរបស់លោកស្រីតែម្ដង។ លោកស្រី ណារី រំលេចថាស្វាមីរបស់លោកស្រីមិនដែលប្រើប្រាស់ពាក្យសម្ដីណាដែលប៉ះពាល់ដល់ផ្លូវចិត្តលោកស្រីសោះឡើយ ចំណែកឯការងារផ្ទះ មើលថែកូនៗទៀតសោត គឺស្វាមីលោកស្រីជាអ្នករ៉ាប់រងទាំងអស់។

ទាំងនេះជាកម្លាំងចិត្តដ៏ធំ ដែលជំរុញឱ្យលោកស្រីខិតខំប្រយុទ្ធ តតាំងជាមួយឥទ្ធិពលថ្នាំរហូតដល់អាចឆ្លងកាត់ដំណាក់កាលមាត់ជ្រោះនៃសេចក្ដីស្លាប់បាន។

មុននឹងបញ្ចប់ការថ្លែងសុន្ទរកថា លោកស្រីបានជូនសារសំខាន់មួយគឺ៖ «សូមកុំចាំដល់តែជំងឺធ្វើទុក្ខ ទើបទៅទទួលការព្យាបាល! ទៅពេទ្យបានកាន់តែលឿន ការព្យាបាលក៏ងាយស្រួល ហើយឱកាសជាក៏កាន់តែច្រើន។»

ថ្លែងនៅក្នុងយុទ្ធនាការដដែល លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា ជំងឺមហារីកបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចខ្ពស់បំផុតក្នុងចំណោមមូលហេតុចម្បងទាំង ១៥ នៃការស្លាប់ទូទាំងពិភពលោក។

លោកជំទាវរដ្ឋមន្រ្តីបញ្ជាក់ថា៖ «នៅកម្ពុជា មនុស្សប្រមាណ ៦០ ០០០នាក់បានស្លាប់ក្នុងមួយឆ្នាំៗ ដោយសារជំងឺមិនឆ្លង ដែលស្មើនឹងជិត ៦៤% នៃការស្លាប់ទាំងអស់ ក្នុងនោះ ៣១​ ៥០០នាក់ ជាស្ត្រី (ជាង ៥០%) និងធ្វើឱ្យកម្ពុជាខាតបង់ប្រាក់ប្រមាណ ១,៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង ៧% នៃ GDP ដោយសារការចំណាយលើការថែទាំសុខភាព និងការបាត់បង់ផលិតភាព»។

លោកជំទាវបញ្ជាក់ថា ជារឿងមួយមិនអាចមើលរំលងបាន ក្នុងការរៀបចំយុទ្ធនាការនេះជារើយៗដើម្បីបញ្ជ្រាបការយល់ដឹងរបស់ពលរដ្ឋកម្ពុជា ជាពិសេសស្ត្រី សំដៅបន្ថយអាត្រាមរណៈភាពដោយការទៅព្យាបាលយឺតពេល។

គួរជម្រាបថា «យុទ្ធនាការយល់ដឹងពីជំងឺមហារីកសុដន់» ត្រូវបានធ្វើឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) កាលពីល្ងាចថ្ងៃទី ២០ ខែតុលាថ្មីៗនេះ នៅសណ្ឋាគារ ហ៊ីម៉ាវារី៕

ដោយ៖ កែវ បុស្បា

ads banner