សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការស្ម័គ្រចិត្តផ្លាស់ទីលំនៅមកតំបន់រុនតាឯកជាការសម្រេចចិត្តដ៏ឆ្លាតវៃ
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់រុនតាឯកថាជាការសម្រេចចិត្តដ៏ឆ្លាតវៃ។ ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ ធ្វើឡើងនៅអំឡុងពេលលោក ចុះជួបប្រជាពលរដ្ឋដែលផ្លាស់មករស់នៅតំបន់ធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាលើកទី៣ នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «បងប្អូនដែលបានចាប់ឆ្នោតរួចមកហើយ ដែលសុខចិត្តចាកចេញពីរមណីយដ្ឋានអង្គរ មកនៅទីនេះ អាចចាត់ទុកថា ជាការជ្រើសរើសដ៏ឆ្លាតវៃមួយក្នុងកាលៈទេសៈចាំបាច់ ដែលមកកាន់ទីនេះ យើងមានការទ្រទ្រង់ខាងហេដ្ឋារចនាសម្ព័ន្ធ ការទ្រទ្រង់ទៅលើផ្នែកដទៃទៀត។ ក្នុងនោះរាប់ទាំងការទ្រទ្រង់អំពីកិច្ចគាំពារសង្គម»។
នៅក្នុងយន្តការផ្លាស់ប្តូរទីលំនៅប្រជាពលរដ្ឋមកតំបន់រុនតាឯក សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាជាបន្តបន្ទាប់ឲ្យមន្ត្រីក្រោមឱវាទ ធ្វើយ៉ាងសម្រួលដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ហើយជាពិសេសគឺការផ្លាស់ប្តូរបណ្ណក្រីក្រជូនប្រជាពលរដ្ឋពីកម្រិត២ មកកម្រិត១ទាំងអស់។
យន្តការរៀបចំការផ្លាស់ប្តូរទីលំនៅប្រជាពលរដ្ឋពីតំបន់រមណីយដ្ឋានអង្គរមកកាន់តំបន់រុនតាឯក បានចាប់ផ្តើមធ្វើឡើងតាំងពីថ្ងៃទី១៨ សីហាមក។ យន្តការនេះធ្វើឡើង ដោយសាររដ្ឋាភិបាលបារម្ភថា អង្គការយូណេស្កូ( UNESCO) អាចដកអង្គរវត្តចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក ដ្បិតមានសំណង់ខុសនៅព័ទ្ធជុំវិញ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «យើងមិនអាចបំពាន ជាមួយនឹងគោលការណ៍នេះបានទេ យើងត្រូវខិតខំដោះស្រាយ បើមិនដូច្នោះទេ អង្គររបស់យើងប្រឈមនឹងការបណ្តេញចេញ»។
គួររំលឹកថា កាលពីថ្ងៃទី៣ខែតុលាកន្លងទៅសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានព្រមានដល់ពលរដ្ឋមួយចំនួនដែលកំពុងរស់នៅដោយខុសច្បាប់ក្នុងតំបន់អង្គរវត្តឱ្យចាកចេញពីទីនោះ ទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯក ខណៈដែលអាជ្ញាធរកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ការស្នាក់នៅស្របច្បាប់ជូន។ ការព្រមាននេះធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាល សង្កេតឃើញថា មានការឃោសនាអំពីការតថ្លៃដី ដោយទទួលបានសំណងច្រើនពីរដ្ឋាភិបាល។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋសរុបចំនួន ៩.៣២៣ គ្រួសារ បានស្ម័គ្រចិត្តផ្លាស់ចេញពីតំបន់អង្គរ។ ក្នុងនោះ ៥៨២៣ គ្រួសារ បានផ្លាស់ទៅតំបន់រុនតាឯក និង ៣.២០០ គ្រួសារ បានផ្លាស់ទៅតំបន់ពាក់ស្នែង។ តែយ៉ាងណា នៅមានប្រជាពលរដ្ឋមួយចំនួនធំទៀត ដែលមិនទាន់ស័្មគ្រចិត្តផ្លាស់ប្តូរទីលំនៅ។ នេះបើតាមរបាយការណ៍ជាបន្តបន្ទាប់ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់៕ ដោយ៖ សេក ប្រាក់