ព្រឹកស្អែកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប សំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង
សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលាឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នក ស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ ពាក់ស្នែង។

សូមជម្រាបថា តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាកន្លែងថ្មីមួយទៀត បន្ទាប់ពីតំបន់ អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាល បានរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
តំបន់អភិវឌ្ឍន៍ពាក់ស្នែង មានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។ រាជរដ្ឋាភិបាល នឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានា មិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការ រស់នៅរបស់់ប្រជាពលរដ្ឋ។

គិតត្រឹមថ្ងៃទី២១ខែតុលានេះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញ ពីតំបន់ រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិ អប្សរា ចំនួន៣លើករួចមកហើយ។បីលើកកន្លងទៅធ្វើឡើង ជាមួយ ពលរដ្ឋដែលត្រូវទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។ លើកទី១ ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ដោយមានប្រជាពលរដ្ឋចូលរួម ចំនួន ១,១១៧ គ្រួសារ។ លើកទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ដោយ មានប្រជាពលរដ្ឋចូលរួមចំនួន ២,៧៥១គ្រួសារ និងលើកទី៣ ធ្វើ ឡើងនៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ដោយមានប្រជា ពលរដ្ឋ ១,៨៥៣គ្រួសារ។
ការចំណាយពេលដ៏មមាញឹកនឹងការងារ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួបសំណេះសំណាលដោយផ្ទាល់ជាបន្តបន្ទាប់ ជាមួយ ពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់នានា ចេញពីតំបន់ រមណីយ ដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការ រៀបចំភូមិឋានថ្មីជូនប្រជាពលរដ្ឋ មិនមែនយកពលរដ្ឋទៅទុកចោល កណ្តាលព្រៃរហោឋាននោះឡើយ។

ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរ ជាតិអប្សរា បានទៅចាប់ឆ្នោតជ្រើសរើសដីឡូត៍សរុបចំនួន ៩,៣២៣ គ្រួសារ ក្នុងនោះ ៥, ៨២៣គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍រុនតាឯក និង ៣,២០០គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍ពាក់ស្នែង។
សម្រាប់ប្រជាពលរដ្ឋទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ក៏ទទួល បានគោលនយោបាយឧបត្ថម្ភនានាដូចនឹងប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍនរុនតាឯកផងដែរ។ គោលនយោបាយនោះ មានដូចជាការ ទទួលបានដីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ, ទទួលបានបណ្ណ ក្រីក្រកម្រិត១ អត្រាឧបត្ថម្ភបែបទីប្រជុំជន រយៈពេល១០ឆ្នាំ, ទទួល បានបណ្ណសមធម៌សម្រាប់ស្ត្រីចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូន អាយុ២ឆ្នាំជាដើម, ផ្តល់អំណោយជាស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកា ១លាន ៤០ម៉ឺនរៀល ព្រមទាំងសង្កសីចំនួន ៣០សន្លឹក សម្រាប់ធ្វើផ្ទះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋទាំងនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង និងតំបន់អភិវឌ្ឍន៍ រុនតាឯកផងដែរ៕ ដោយ៖ វណ្ណលុក