រយៈពេល ១៨ខែនៅខេត្តមណ្ឌលគិរី បានបង្រ្កាបការលក់សាច់សត្វព្រៃ ១៣៥៣គីឡូក្រាម
ខេត្តមណ្ឌលគិរី៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថាក្នុងរយៈពេល១៨ខែក្នុងឆ្នាំ ២០២១ និង២០២២ការបង្រ្កាបការជួញដូរសាច់សត្វព្រៃនៅខេត្តមណ្ដលគិរីមានចំនួន ១៣៥៣គីឡូក្រាម ។

គួរបញ្ជាក់ថាការថ្លែងឱ្យដឹងបែបនេះធ្វើឡើងដោយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ស្តីពីយុទ្ធនាការអន្ទាក់សូន្យ៖បញ្ឈប់ការជួញដូរសត្វព្រៃនាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២នេះ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ រយៈពេល១៨ខែក្នុងឆ្នាំ២០២២១ដល់ឆ្នាំ២០២២ ពោលគឺ១២ខែក្នុងឆ្នាំ២០២១និងរយៈពេល៦ខែក្នុងឆ្នាំ២០២២នេះកម្លាំងអាជ្ញាធរបានបង្រ្កាបសត្វព្រៃរហូតដល់ ១៣៥៣គីឡូក្រាមនៅខេត្តមណ្ឌលគិរី ។ ដោយឡែកក្នុងរយៈពេល ៦កន្ងងមកនៅខេត្តមណ្ឌលគិរី ក៏បានធ្វើការបង្រ្កាបសាច់សត្វព្រៃចំនួន ២៣៥គីឡូក្រាមផងដែរ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖បើរាប់ចំនួននៃការបង្រ្កាបនិងទប់ស្កាត់អាជ្ញាធរពាក់ព័ន្ធបានមានសកម្មភាពខ្លាំងក្លាជាងមុន ។ សកម្មភាពនេះបានធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមអនុវត្តនៃយុទ្ធនាការអន្ទាក់សូន្យដែលក្រសួងបរិស្ថាននិងដៃគូរបានដាក់ឱ្យអនុវត្តកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលលេខាធិការបានអំពាវនាវឱ្យពលរដ្ឋបញ្ឈប់ការបរិភោគសាច់សត្វព្រៃ អំពាវនាវឱ្យភោជនីយដ្ឋានបញ្ឈប់ការលក់សាច់សត្វព្រៃ អំពាវនាវឱ្យពលរដ្ឋដែលចូលព្រៃសម្លាប់សត្វព្រៃត្រូវបញ្ឈប់បន្ទាន់។ព្រោះថាអំពើទាំងនេះគឺខុសនឹងច្បាប់ វាជាទង្វើដែលសង្គមមិនទទួលស្គាល់សោះឡើយ។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងដែរថា”កន្លងមក អ្នកដែលបង្ហោះការសម្លាប់សត្វព្រៃត្រូវបានរិះគន់ និងស្អប់ខ្ពើប ហើយអ្នកទាំងនោះមួយចំនួនបានភ្ញាក់ខ្លួន ដឹងកំហុស ហើយប្តេជ្ញាបញ្ឈប់ធ្វើសកម្មភាពបែបនេះបន្តទៀត”។
ឯកឧត្តមបានបញ្ចាក់បន្ថែមថាបច្ចុប្បន្នពលរដ្ឋកម្ពុជាបានយល់កាន់តែច្បាស់អំពីកិច្ចការពារសត្វព្រៃ បានស្គាល់ពីតម្លៃសត្វព្រៃ ហើយស្គាល់ពីតម្លៃសត្វព្រៃក្នុងការទាក់ទាញវិស័យទេសចរណ៍ដែលផ្តល់នូវចំណូលដល់សហគមន៍ និងពលរដ្ឋកម្ពុជាមិនចេះរីងស្ងួត។

ជាមួយគ្នានេះ ឯកឧត្តម ចាន់រតនា អភិបាលរងនៃគណៈអភិបាល ខេត្តមណ្ឌលគិរីបានថ្លែងថា៖អាជ្ញាធរបានធ្វើការទប់ស្កាត់និងបង្រ្កាបការជួញដូរសត្វព្រៃយ៉ាងខ្លាំងក្លាដើម្បីថែរក្សាសត្វព្រៃនៅលើទឹកដីមណ្ឌលគិរីឱ្យបានគង់វង្ស។មន្រ្តីពាក់ព័ន្ធគ្រប់ផ្នែកមិនត្រឹមតែចុះទប់ស្កាត់ និងបង្រ្កាបការជួញដូរសត្វព្រៃទេនៅថែមទាំងថែរក្សាទីជម្រកសត្វព្រៃយ៉ាងខ្លាំងក្លាស្ទើរគ្រប់កន្លែងទៀតផង។

គួរបញ្ជាក់ថា៖យុទ្ធនាការជួញដូរសត្វព្រៃគឺជាផ្នែកមួយយុទ្ធនាការអន្ទាក់សូន្យដែលក្រសួងបរិស្ថាននិងដៃគូបានអនុវត្តដោយជោគជ័យចំនួន៦ខេត្តនាកន្លងមក។
សូមជំរាបដែរថា ក្រសួងបរិស្ថាន និងដៃគូទាំងអស់ក៏កំពុងសហការគ្នាដើម្បីស្វែងរកវិធីសាស្ត្រក្នុងការផ្តល់នូវជម្រើសនៃរបរចិញ្ចឹមជិវិតបន្ថែមរាប់បញ្ចូលទាំងរបរក្នុងវិស័យកសិកម្ម កសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិ ជូនដល់សហគមន៍មូលដ្ឋានដែលរស់នៅក្បែរតំបន់ការពារធម្មជាតិ ហើយតែងប្រកបរបរប្រពៃណី ដូចជាការប្រមូលអនុផលព្រៃឈើ ការបរបាញ់បែបប្រពៃណីសម្រាប់យកសាច់និងលក់ដូរមួយចំនួនផងដែរនោះ។ កិច្ចសហការនេះក៏ផ្តោតលើគោលបំណងកែប្រែឥរិយាបទ និងការនិយមបរិភោគសត្វព្រៃរបស់ប្រជាជនផងដែរ ដើម្បីការពារសុខភាពសាធារណៈពីហានិភ័យនៃប្រភេទជំងឺឆ្លងផ្សេងៗ ជាយថាហេតុនៅថ្ងៃអនាគត៕ដោយ៖ម៉ាដេប៉ូ