សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់មន្ត្រីរាជការ ពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន

បន្ទាយមានជ័យ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការក្រើនរំលឹកដល់មន្ត្រីរាជការ ពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូចនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងខេត្តបន្ទាយមានជ័យចំនួនជាង១០០០នាក់ ដែលរួមមាន៖ ក្រុមប្រឹក្សាខេត្ត/ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការទូទៅ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញថ្លែងរបាយការណ៍ឲ្យដឹងថា៖មន្ដ្រីរាជការទូទាំងខេត្តបន្ទាយមានជ័យមានសរុបជាង ៨ពាន់នាក់មានស្រីជិត ៤ពាន់នាក់ ។ក្នុងនោះមន្ត្រីសាលាខេត្តមានចំនួន ១២៦នាក់ (ស្រី៣៥នាក់),បុគ្គលិកអប់រំ-គ្រូបង្រៀនចំនួន ៥,៨៨៨នាក់(ស្រី ២,៨៨២នាក់) មន្ត្រីសុខាភិបាល-គ្រូពេទ្យ ចំនួន ១,២១៨នាក់ (ស្រី ៦៤៩នាក់)មន្ត្រីមន្ទីរអង្គភាពចំនួន៧៥៣នាក់(ស្រី២១៧នាក់)មន្ត្រីសាលាក្រុងស្រុកចំនួន៥៣០នាក់ (ស្រី១៥០នាក់),ស្មៀនឃុំ សង្កាត់ ចំនួន ៦៧នាក់ (ស្រី១៥នាក់) ។ មន្ត្រីកង កម្លាំងប្រដាប់អាវុធឈរជើងក្នុងខេត្តមានចំនួនសរុបជាង៥ពាន់នាក់ ។ ដោយឡែកក្រុមប្រឹក្សាខេត្តមានចំនួនសរុប ២៥នាក់, ក្រុមប្រឹក្សាក្រុងស្រុកសរុបចំនួន ១៦៩ នាក់,ក្រុម ប្រឹក្សាឃុំ/សង្កាត់សរុបចំនួន ៥៣៣នាក់។

ឯកឧត្តម អភិបាលខេត្ត តំណាងឱ្យមន្ត្រីរាជការក្នុងខេត្តបានប្រកាសគាំទ្រពេញទំហឹងចំពោះសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី និងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីប្រជាជន និងប្រទេសជាតិ រស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ។

ក្នុងនាមមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្ត ឯកឧត្តមអភិបាលខេត្ត បានប្រកាសថ្កោលទោសដាច់អហង្កា និងប្រឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ ជំនាន់ តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានញុះញង់ឱ្យកម្លាំងប្រដាប់អាវុធធ្វើការបះបោរ និងបានជេរប្រមាថដោយអសីលធម៌ចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវអារម្មណ៍រីករាយដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធនៅក្នុង ខេត្តបន្ទាយមានជ័យ។ សម្តេចតេជោ ក៏បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងខេត្តបន្ទាយមានជ័យទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីពេលថ្មីៗនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងនៅក្នុងខេត្ត ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គមទប់ស្កាត់នូវទង្វើបង្កចលាចលនានាក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការ ជាពិសេស ក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស។ ចៀសវាងដាច់ខាតការបង្កបង្កើតនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner