អ៊ុយក្រែន៖ រុស្ស៊ីទើបបាញ់មីស៊ីលជិត៤០គ្រាប់ កាត់ផ្តាច់ចរន្តអគ្គិសនីប្រើប្រាស់ពលរដ្ឋអ៊ុយក្រែន
អ៊ុយក្រែន៖ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេឡេនស្គី បានអះអាងថា ការវាយប្រហារដ៏ខ្លាំងក្លាពីសំណាក់យោធារុស្ស៊ី ក្នុងយប់ថ្ងៃទី២១ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ កំពុងតែបង្កឱ្យប្រជាពលរដ្ឋអ៊ុយក្រែនរាប់លាននាក់ គ្មានប្រព័ន្ធអគ្គិសនីប្រើប្រាស់ ខណៈរដូវរងាកាន់តែចូលកៀកមកដល់។ តាមយោធាអ៊ុយក្រែននិយាយថា រុស្ស៊ីបានបាញ់ផ្លោងមីស៊ីលជិត ៤០គ្រាប់ និងបានសម្រុកចូលវាយប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងស្ថានីយផលិតចរន្តអគ្គិសនីរបស់អ៊ុយក្រែន។
ស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនពេលនេះ កំពុងតែបន្តធ្វើឡើងយ៉ាងខ្លាំងក្លា។ រុស្ស៊ីបានបន្តចូលវាយប្រហារលើទីតាំងយុទ្ធសាស្ត្រសំខាន់ៗ និងកន្លែងស៊ីវិល ទាំងយប់ថ្ងៃទី២១ឈានចូល២២ខែតុលានេះ ដោយប្រើគ្រាប់ផ្លោងចំនួន ៣៦គ្រាប់។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែន និងដោយបន្តថា គ្រាប់ផ្លោងទាំងនោះ ត្រូវបានយោធារុស្ស៊ីបាញ់ចំទីតាំងផ្ទុកនិងផលិតថាមពលប្រើប្រាស់ផ្គត់ផ្គត់ទៅទូទាំងប្រទេស ហើយមានតែ១៨គ្រាប់ ដែលយោធាអ៊ុយក្រែនបានស្ទាក់កម្ទេចបាន។
លោក វ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងថ្កោលទោស ថាកងទ័ពរុស្ស៊ីនេះមានកម្មវត្ថុនិងចេទនាធ្វើឱ្យអ៊ុយក្រែន ត្រូវងងឹងសូន្យសុង គ្មានប្រព័ន្ធអគ្គិសនីប្រើប្រាស់ និងដោយហៅថា ជាសកម្មវាយប្រហារយុទ្ធសាស្ត្រភារវកម្ម ប្រើលើអ៊ុយក្រែន។
តាមលោក Kyrylo Timochenko ទីប្រឹក្សាម្នាក់របស់លោក ហ្សេឡេនស្គី និយាយថាមានផ្ទះប្រជាជនអ៊ុយក្រែនយ៉ាងតិចប្រមាណ ១,៥លានខ្នងត្រូវដាច់ចរន្តអគ្គិសនី នៅតាមតំបន់ជាច្រើននៅទូទាំងប្រទេស។ ចំណែកទីប្រឹក្សាប្រធានាធិបតីម្នាក់ទៀតគឺ លោក Mykhailo Podoliak ថារុស្ស៊ីមានចេទនារុញច្រានប្រជាជនអ៊ុយក្រែនភៀសខ្លួនចេញ ដើម្បីរុញឱ្យអឺរ៉ុបជួបការលំបាកចំពោះរលកជនភៀសខ្លួនអ៊ុយក្រែន។
គួរបញ្ជាក់ថា រុស្ស៊ីបានទទួលស្គាល់ការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលអគ្គិសនី របស់អ៊ុយក្រែននេះពិតមែន ប៉ុន្តែរុស្ស៊ីអះអាងថា មិនបានវាយប្រហារសំដៅទៅលើប្រជាជនស៊ីវិលទេ។
មន្ត្រីការទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP កន្លងទៅ ថាគេមានភស្តុតាងច្បាស់ច្រើនណាស់ ដែលថារុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនអ៊ីរ៉ង់ ដើម្បីវាយប្រហារលើពលរដ្ឋស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន។
គិតចាប់ពីថ្ងៃទី១០តុលាកន្លងមក រុស្ស៊ីបានវាយប្រហារកម្ទេច ទៅលើប្រមាណ១/៣នៃស្ថានីយផលិតចរន្តអគ្គិសនី ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋារចនាសំខាន់ៗផ្សេងៗទៀតរបស់អ៊ុយក្រែន។ នេះបើការបញ្ជាក់របស់អ៊ុយក្រែន។
អាជ្ញាធរអ៊ុយក្រែនត្រូវបង្ខំចិត្តប្រកាសឱ្យប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនីដោយប្រុងប្រយ័ត្ន ក្នុងស្មារតីសន្សំសំចៃជាទីបំផុត។ នេះបើតាមប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែលប្រកាសពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ វាជាចំណាត់ការបន្ទាន់ ព្រោះតែហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបំផ្លិចបំផ្លាញ ដោយការវាយប្រហារពីសំណាក់កងព័ទ្ធរុស្ស៊ី ពិសេសយន្តហោះដ្រូនអ៊ីរ៉ង់។
លោក ហ្សេឡេនស្គី បានបញ្ជាក់ទៀតថា អ៊ុយក្រែនត្រូវត្រៀមគ្រប់មធ្យោបាយទាំងអស់ ក្នុងទប់ទល់នឹងសេណារីយ៉ូអាក្រក់ដែលអាចកើតឡើង នៅខណៈរដូវរងាកាន់តែចូលកៀកមកដល់៕ ដោយ៖ បណ្តូល ពេជ្រ