វិស័យឯកជនរកស៊ីខាងដឹកជញ្ជូនកំពុងពិចារណានៅឡើយលើការប្រើប្រាស់ផ្លូវល្បឿនលឿន
ភ្នំពេញ៖ប្រភេទរថយន្តកុងតឺន័រដឹកទំនិញភាគច្រើនបានបង្ហាញភាពស្ទាក់ស្ទើរ ក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អំឡុងពេលក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងបើកដំណើរការសាកល្បងមិនគិតតម្លៃដែលគិតមកដល់ពេលនេះគឺមានរយៈពេល២៣ថ្ងៃ។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបាននិយាយថា ក្រុមហ៊ុនខ្លះសាកល្បងប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ខណៈមួយចំនួនទៀតសម្រេចមិនប្រើប្រាស់ ព្រោះខ្លាចជួបឧបសគ្គមួយចំនួន។ លោកថា «មានតែរថយន្តកុងតឺន័រតែ១ឬ២ប៉ុណ្ណោះសាកល្បងប្រើ តែក្រុមហ៊ុនខ្លះសម្រេចថា មិនប្រើតែម្ដងព្រោះ រថយន្តដឹកជញ្ជូនយើង ប្រមាណជា៩០ភាគរយមានសភាពចាស់ហើយបើកាលណាយើងរត់លើផ្លូវហាយវ៉េ ក្នុងករណីរថយន្តខូចឬបែកកង់ យើងមិនអាចឈប់នៅពាក់កណ្ដាលផ្លូវបានទេ»។
មូលហេតុមួយទៀតត្រូវបានអ្នកជំនាញរូបនេះអះអាងថា«បើសិនជារថយន្តខូចខាតយើងមិនអាចធ្វើការជួសជុលនៅនឹងកន្លែងបានទេ តម្រូវឱ្យមានសេវាជួសជុលមួយដោយឡែក ដែលត្រូវប្រឈមនឹងការចំណាយច្រើនមិនដូចយើងប្រើប្រាស់ផ្លូវធម្មតាពេលជួបបញ្ហា យើងអាចអែបខាង ធ្វើការជួសជុលតាមលទ្ធភាពជាក់ស្ដែងបាន»។
បើតាមឧកញ៉ា ស៊ិន ចន្ធី ក្រុមហ៊ុនដឹកជញ្ជូនមិនទាន់មានលទ្ធភាពប្រើប្រាស់សេវាផ្លូវល្បឿនលឿននៅឡើយដែរ ព្រោះតម្លៃឆ្លងកាត់សម្រាប់រថយន្តកុងតឺន័រទៅវិញទៅមក១៥០ដុល្លារ ខណៈថ្លៃឥន្ធនៈកំពុងតែចោទបញ្ហា។ លោកបន្ថែម«ទោះយើងវិស័យឯកជនកំពុងជួបបញ្ហាដូចដែលបានលើកឡើងក៏ពិតមែន តែយើងសប្បាយចិត្តពេលមានផ្លូវល្បឿន ព្រោះវាចំណេញពេល»។
លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចមកពីរាជ្យបណ្ឌិតសភាកម្ពុជាទទួលស្គាល់ថា វាពិតជាឧបសគ្គសម្រាប់វិស័យដឹកជញ្ជូនពិតប្រាកដមែន ក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ប៉ុន្តែវាមានប្រយោជន៍ក្នុងការកាត់បន្ថយផលប៉ះពាល់ផ្នែកសង្គម។ លោកថា«កាលកំណត់តម្លៃថ្លៃ សម្រាប់រថយន្តធ្ងន់ប្រើប្រាស់ផ្លូវល្បឿនលឿនខ្ញុំគិតថា វាត្រឹមត្រូវម្យ៉ាងដែរ ដើម្បីដាក់បន្ទុកឱ្យរថយន្តដឹកទំនិញទាំងអស់មានទំនួលខុសត្រូវ ត្រួតពិនិត្យគុណភាពបច្ចេកទេសរថយន្តមុនឱ្យដឹក បើពុំដូច្នោះទេក្នុងករណីរថយន្តធន់ធ្ងន់បង្កគ្រោះថ្នាក់ដល់អ្នកដទៃដាច់កង់បង្កគ្រោះថ្នាក់ដល់រថយន្តដទៃ បង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស នឹងធ្វើឱ្យរដ្ឋបង្កើនថ្លៃចំណាយលើផលប៉ះពាល់ផ្នែកសង្គមកាន់តែច្រើនជាងមុនទៀត»។
សម្រាប់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ទោះក្នុងតម្លៃណាផ្លូវល្បឿនលឿននៅតែផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចបានច្រើនជាងផលប៉ះពាល់។«ដូច្នេះ ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនដែលធ្លាប់មិនខ្វល់ពីបច្ចេកទេសយានយន្ត ត្រូវងាកមកពង្រឹងនិងត្រួតពិនិត្យឡើងវិញ ដើម្បីបានប្រើប្រាស់ផ្លូវល្បឿនលឿនឱ្យស្របតាមស្តង់ដារ។ មួយវិញទៀតផលចំណេញចាក់ចូលសេដ្ឋកិច្ចដែលកើតចេញពីផ្លូវនេះគឺការនាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុបតាមកំពង់ផែទឹកជ្រៅរាមនិងកំពង់ផែតារាសាគរខេត្តកោះកុង»។
តួលេខចំនួនយានយន្តកើនឡើងដល់ជាង ១៩ម៉ឺនគ្រឿង បានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគិតត្រឹមថ្ងៃទី១៥ខែតុលា។ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើរប្រកបដោយសុវត្ថិភាព៕ ដោយ៖ អេង រាជនី