អភិបាលខណ្ឌឫស្សីកែវ ចុះបើកការដ្ឋានបុកស៊ីផាយតំណាក់ទី១ ដើម្បីស្ថាបនាផ្លូវអម ព្រែកអូរវែង ក្រោយបញ្ចប់សម្រង់ស្ថិតិក្បាលដីប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រោយពីម្ចាស់ពាក់ព័ន្ធក្បាលដីផ្ដល់ឯកសារកាន់កាប់ដីមកបង្ហាញជូនមន្ត្រីជុំនាញ សម្រាប់សម្រង់ស្ថិតិ និងវាស់វែងកំណត់ព្រំដី ដើម្បីគ្រោងស្ថាបនាផ្លូវអមព្រែកអូរវែង ស្ថិតនៅតំបន់ក្រោយវត្តទួលសន្តិវ័ន (វត្តទួលអស់លោក) ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ចាប់ផ្ដើមបើកការដ្ឋានបុកស៊ីផាយតំណាក់កាលទី១ហើយ ដែលស្ថិតក្រោមការចុះត្រួតពិនិត្យផ្ទាល់ដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សូមជម្រាបថា តាមផែនការរបស់សាលារាជធានីភ្នំពេញ កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ មន្ត្រីក្រុមការងារចម្រុះនៃរដ្ឋបាលខណ្ឌឫស្សីកែវ បានបន្តសកម្មភាពក្នុងការចាប់ផ្ដើមចុះសម្រង់ស្ថិតិ និងវាស់វែងកំណត់ព្រំដីព្រែកអូរវែង ដោយសុំកិច្ចសហការពីប្រជាពលរដ្ឋ ដើម្បីផ្ដល់ឯកសារកាន់កាប់ដីមកបង្ហាញជូន ក្នុងការត្រៀមបុកស៊ីផាយ និងស្ថាបនាផ្លូវអមព្រែកអូរវែង ដើម្បីរំដោះការលិចលង់ និងសម្រួលនូវការកកស្ទះចរាចរណ៍ សម្រាប់ងាយស្រួលធ្វើដំណើរ។

គួររំលឹកថា ការដុតដៃដុតជើងសម្រុកចុះសម្រង់ស្ថិតតិ និងវាស់វែងកំណត់ព្រុំដីព្រែកអូរវែង ដើម្បីត្រៀមបុកស៊ីផាយ ស្ថាបនាផ្លូវ រំដោះការកកស្ទះចរាចរណ៍ ពីសំណាក់មន្ត្រីក្រុមការងារចម្រុះរដ្ឋបាលខណ្ឌឫស្សីកែវនេះ បានអនុវត្តន៍ឡើងភ្លាមៗ ក្រោយពីអាជ្ញាធរបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅ និងគ្រប់គ្រងដីនៅសងខាងព្រែកអូរវែង ចាប់ពីចំណុចស្ពានបេតុងក្រោយវត្តទួលសង្កែ ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ដល់ផ្លូវលេខ៩០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ។

តាមសេចក្ដីជូនដំណឹងដែលអង្គភាពព័ត៌មានទទួលបានកាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌឫស្សីកែវ បានជម្រាបប្រាប់ពលរដ្ឋទាំងអស់ ត្រៀមឯកសារពាក់ព័ន្ធមកបង្ហាញជូន គណៈកម្មការចម្រុះរដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីទទួលបានការវាស់វែង ជៀសវាងការបាត់ដីកម្មសិទ្ធិ ចាប់ពីម៉ោង០៨៖០០នាទី ដល់ម៉ោង១១៖០០នាទីព្រឹក និងចាប់ពីម៉ោង១៤៖០០នាទីរសៀល ដល់ម៉ោង១៧៖០០នាទីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩៕ធ.ដ

ដោយៈ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner