អភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយផ្តល់ជូន ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត ១២២គ្រួសារនៅក្នុងសង្កាត់ព្រែកថ្មី
ភ្នំពេញ៖ ដើម្បីសំរាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធនិងយុវនិតិសម្បទា រាជជធានីភ្នំពេញ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីចែកអំណោយជាគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលំនៅដ្ឋានចំនួន ១២២គ្រួសារ មកពីភូមិចំនួន២ រួមមានភូមិកោះក្របី និងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

សកម្មភាពមនុស្សធម៍នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនេះដែរ ក៍មានការចូលរួមពីលោកអភិបាលរងខណ្ឌ ៤រូប លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកចៅសង្កាត់ព្រែកថ្មី និងមន្ត្រីចំណុះការិយាល័យទូទាំងខណ្ឌព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជិត៣០០នាក់ ។

មានមតិសំណេះសំណាលក្នុងពិធីនេះ លោកអភិបាលខណ្ឌបានណែនាំអោយអាជ្ញាធរសង្កាត់ព្រែកថ្មីត្រូវខិតខំបំពេញការងារបំរើប្រជាពលរដ្ឋដោយមិនប្រការវណ្ណៈ សាសនា ជាតិសាសន៍ និងនិន្នាការនយោបាយឡើយ
ទី១-ជំរុញអោយមន្ត្រីក្រុមការងារត្រូវខិតខំបន្តធ្វើកិច្ចការផ្តល់សេវ៉ាសាធារណៈជូនប្រជាពលរដ្ឋអោយបានលឿន រហ័ស និងមានតម្លាភាព ស្របទៅតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យបានប្រសើរឡើងថែមទៀត ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង ហួសកាលបរិច្ឆេទ រួមទាំងផ្តល់សេវ៉ាលើឯកសារអត្រានុកូលដ្ឋាន ។
ទី២-ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេសត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញឱ្យបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ឱ្យទទួលបានលទ្ធផលល្អ និង ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចតេជោអោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌនិងសង្កាត់ ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា ។
ទី៣-ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយដើម្បីជំរុញអោយប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ អោយបានគ្រប់គ្នាៗតាំងពីដុសមូលដ្ឋាននិងដុសជំរុញ ព្រោះជំងឺឆ្លងកូវីដ-១៩ នេះ មិនទាន់សាបរលាបទេ បងប្អូនអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩ អត់ភ្លេចបងប្អូនទេ មួយផ្នែកទៀតត្រូវណែនាំអោយបងប្អូនប្រជាពលរដ្ឋអនុវត្តជាប្រចាំតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោគឺ ៣កុំ ៣ការពារ ប្រៀបដូចជាយ័ន្តដ៍ស័ក្តិសិទ្ធបំផុតក្នុងការការពារអាយុជីវិត ជៀសផុតពីជំងឺឆ្លង ជំងឺកូវីដ-១៩ ។
ទី៤-ត្រូវខិតខំលប់បំបាត់គ្រឿងញៀន មុខសញ្ញាចោរលួច ចោរឆក់ និងក្មេងទំនើង ដោយាក់វេនគ្នាប្រចាំការនិងចុះល្បាតក្នុងមូលដ្ឋានជាប្រចាំ ។

នៅចុងបញ្ចប់នៃពិធីនេះដែរ លោកអភិបាលខណ្ឌបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅត្រូវនាំកូនចៅដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត ចំណែកអ្នកដែលចុះឈ្មោះហើយត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ ហើយសូមបងប្អូនត្រៀមខ្លួនទៅបោះឆ្នោតជូនគណបក្សណាដែលរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ស្វែងរកសន្តិភាពជូនប្រទេសជាតិ និងស្វះស្វែងរកវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស គឺមានតែគណបក្សប្រជាជនតែមួយប៉ុណ្ណោះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ធ្វើឱ្យប្រទេសជាតិមានរីកចម្រើនទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ សូមកុំជឿតាមការឃោសនាញុះញុងបំផុសបំផុលពីសំណាក់ក្រុមបក្ខប្រឆាំងក្រៅច្បាប់ អាចនិយាយបានថាជាពួកឧទ្ទាម ក្នុងចេតនាអាក្រក់បង្កអសន្តិសុខសង្គម ។ យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពសង្គម ការពារសន្តិភាព ដើម្បីជំរុញអោយប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ។ ដោយសាតែមានសន្តិភាពនេះហើយទើបប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ។ ចាប់ពីពេលនេះតទៅសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព ការពារសន្តិភាព និងអរគុណសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត ។
សណ្តោស

អំណោយចែកជូនប្រជាពលរដ្ឋនៅពេលនេះក្នុង១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម,មី ១កេស , ប្រេងឆា១ដប ទឹកស៊ីអ៊ីវ១យួរ៕ ប៊ុនធី-សណ្តោស
